(ភ្នំពេញ)៖ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដូសទី៥ បានចាប់ផ្តើមដំណើរការហើយនៅទូទាំងប្រទេសនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។
ជាមួយការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដូសទី៥ ជូនដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ដែលជាជនជួរមុខ និងប្រជាពលរដ្ឋដែលជាជនអាទិភាពនាព្រឹកមិញនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានអញ្ជើញចុះទៅពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។ ទីតាំងដែលលោកស្រី បានចុះទៅពិនិត្យនោះរួមមានការចាក់នៅវិមានព្រឹទ្ធសភា និងតាមទីតាំងមន្ទីរពេទ្យរដ្ឋមួយចំនួនទៀត។
ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៥នេះ បានចាប់ផ្តើមដំណើរការនៅទូទាំងរាជធានី-ខេត្ត ដូចការគ្រោងទុក តាមអនុសាសន៍របស់សម្តេចតេជោ។ លោកស្រី បានបញ្ជាក់ថា ក្រុមការងារនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានត្រៀមខ្លួនតាំងពីមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់មកម្ល៉េះ។
លោកស្រី បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៥នេះ មានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រី បានពន្យល់ថា បើទោះបីពេលបច្ចុប្បន្នកម្ពុជាមិនមានការណីឆ្លងថ្មី និងស្លាប់អស់រយៈពេលមួយខែទៅហើយក្តី តែនៅលើពិភពលោកមេរោគកូវីដ១៩នៅតែបន្តធ្វើចរាចរណ៍ ដូច្នេះមិនអាចធ្វេសប្រហែសបានឡើយ។ ជំងឺកូវីដ១៩ នៅតែមានឱកាសឆ្លងរីករាយលដាលបានគ្រប់ពេលវេលា៕