(ភ្នំពេញ)៖ ក្រុមហ៊ុន MR Training & Jobs Center បេីកសម្ពោធជាផ្លូវការនៅកម្ពុជា ដេីម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុង យុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហ៍កម្មជំនាន់ទី៤ ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈម ក្នុងការស្វែងរកបុគ្គលិកមានចំណេះជំនាញ បំពេញការងារនៅតាមសា្ថប័នសហគ្រាសរបស់ខ្លួន។

ការប្រកាសបេីកជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះក៏មានការចូលរួមពី លោកស្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR និងលោកស្រី ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន MR Training & Jobs Center ព្រមទាំងប្រធានសមាគមធុរកិច្ចនានាជាច្រេីនផងដែរ។

លោកស្រី ងួន សូនី បានឲ្យដឹងថា ក្រុមហ៊ុន MR Training & Jobs Center ផ្ដោតលើសក្កានុពលយុវជន និងសំឡឹងឃើញថា តំណែង និងការងារ ក្នុងកម្រិតដំបូន្មានសារៈសំខាន់ ក្រុមហ៊ុន MR Training and Jobs Center បានផ្ដោតលើតំណែងកម្រិតបឋម ជាចំណុចចាប់ផ្ដើមបុគ្គលគ្រប់គ្នា។ លោកស្រីបញ្ជាក់ថា «នាងខ្ញុំជឿជាក់ថា មនុស្សម្នាក់ៗ សុទ្ធតែចាប់ផ្តើមការងារពីកម្រិតដំបូង ដូច្នេះនេះពិតជាសំខាន់ ក្នុងការជ្រេីសរេីស និងបំប៉ន តាមរយៈការបណ្ដុះបណ្ដាល នេះជាចំណុចសំខាន់ដែល MRTJC យកចិត្តទុកដាក់ខ្ពស់បំផុត»។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានឲ្យដឹងថា កម្ពុជាមានប្រជាជនវ័យក្មេងច្រើនណាស់ ដែលមានឆន្ទៈប្រកបដោយសេចក្តីស្វាហាប់ ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិឲ្យបានកាន់តែប្រសើរឡើង ប៉ុន្តែដោយសារពួកគេខ្វះកត្តាជំរុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែ ប្រកបដោយទេពកោសល្យ ផ្សាភ្ជាប់ជាមួយនឹងការងារដែលរូបគេកំពុងធ្វើ ដូច្នេះការបង្កើត MR Training and Jobs Centerនេះ ក្នុងបំណងដោះស្រាយបញ្ហាគម្លាតក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈដល់ពួកគាត់។

លោកបន្ថែមថា MRTJC ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សាភ្ជាប់យុវជន ជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជកដែលមានបទពិសោធន៍ល្អៗ បំផុតរបស់កម្ពុជា ហេីយគោលដៅគោលដៅរបស់ក្រុមហ៊ុន គឺភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យទៅជាមួយនឹងអាជីវកម្ម។

បន្ថែមពីនេះ លោកស្រី យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ បានឲ្យដឹងថា ក្រុមហ៊ុន MR Training & Jobs Center នឹងដើរតួនាទី ផ្សាភ្ជាប់យុវជនដែលមានចំណេះជំនាញវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ការបណ្ដុះបណ្ដាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេស និស្សិត ដែលទើបតែបញ្ចប់ការសិក្សា ពីគ្រឹះស្ថានសិក្សានានាដើម្បីឲ្យពួកគេទទួលបានចំណេះដឹងជាមូលដ្ឋាន ក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។

លោកស្រីបញ្ជាក់ថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជកក៏នឹងអាចទទួលបាននូវបុគ្គលិក ដែលមានគុណសម្បត្តិសមស្របត្រៀមខ្លួនរួចរាល់ ក្នុងការបំពេញការងារ ឲ្យចំគោលដៅសហគ្រាស់របស់ពួកគេផងដែរ។ លោកស្រីបញ្ជាក់ថា ក្រុមហ៊ុនប្តេជ្ញានៅជាមួយយុវជនតាំងពី ការចាប់ផ្តើមដំបូងនៃការងារ និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ ក្រុមហ៊ុននឹងសហការជាបន្តបន្ទាប់ ជាមួយដៃគូនានាទាំងក្នុងស្រុក និងក្រៅស្រុកដែលមានបំណង ក្នុងការពង្រឹងនូវសក្តានុពលរបស់យុវជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែខ្លាំងក្លា។

សូមជម្រាបថា ក្រុមហ៊ុន MR Training & Jobs Center បង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង នៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហ៍កម្មជំនាន់ទី៤ ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈម ក្នុងការស្វែងរកបុគ្គលិកមានចំណេះជំនាញ បំពេញការងារនៅតាមសា្ថប័នសហគ្រាសរបស់ខ្លួន។

ជាមួយនឹងពាក្យស្លោក «ផ្សាភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត» បេសកកម្ម និងគោលដៅចម្បងរបស់ក្រុមហ៊ុន MR Training & Jobs Center គឺរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការពង្រឹង នឹងពង្រីកសក្តានុពលរបស់វិស័យឯកជន ក៏ដូចជាចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស ដែលជាកម្លាំងចលករដ៏មានសារសំខាន់ ក្នុងការរួមចំណែកជំរុញកំណើតសេដ្ឋកិច្ចតាមរយៈកំណើននៃអត្រានិកម្មភាព ក្នុងទីផ្សារការងារផងដែរ។

ទន្ទឹមនេះដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើក្រុមហ៊ុន បានកំណត់បេសកកម្មស្នូលរបស់ខ្លួនរួមមាន៖

* លើកកំពស់ស្តង់ដារ នៃសមត្ថភាពដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការអាជីវកម្មដែលកំពុងដែលមានគុណភាពខ្ពស់កេីនឡើង
* ផ្សាភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ ដ៏សម្បូរបែបនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនក៏ធ្លាប់បានធ្វើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់យុវជន សិស្សានុសិស្ស និងនិស្សិតនូវវគ្គសិក្សាមួយចំនួន រួចមកហើយមាន «ការត្រៀមខ្លួន សម្រាប់ឱកាសការងារ និងអភិវឌ្ឍន៍ខ្លួន» និង «Personal Branding via សម្រាប់អ្នកដែលកំពុងស្វែងរកការងារ ឬចង់អភិវឌ្ឍន៍»។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមានចក្ខុវិស័យផ្សាភ្ជាប់យុវជន ទៅនឹងឱកាសការងារនាពេលអនាគតវិធីសាស្រ្តធ្វើយ៉ាងណា បានសហការជាមួយក្រុមហ៊ុនល្អៗ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានហាត់រៀន និងបញ្ចេញសមត្ថភាព៕