(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្តស្វាយរៀង ស្ថិតនៅអាគារមន្ទីរពេទ្យបង្អែកខេត្ត។
យុទ្ធនាការនេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត និងក្រុមគ្រូគេទ្យ នៃមន្ទីរពេទ្យបង្អែកជាច្រើនរូបទៀត។
លោក ម៉ែន វិបុល បានថ្លែងថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការជួមុខ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា «ថ្វីត្បិតស្ថានភាពជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននៅកម្ពុជា មិនមានអ្នកឆ្លងក៏យើងមិនត្រូវធ្វេសប្រហែសនោះឡើយ ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលាដែលរដ្ឋបាលខេត្ត បានកំណត់នាពេលកន្លងមក៕