(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ការតាមដានជំងឺឆ្លងជាប្រចាំឃើញថានាបច្ចុប្បន្ននេះ មានការរកឃើញជារប៉េះរប៉ោះនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្តាខេត្តមួយចំនួន។
បើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បើទោះបីជាមានករណីតិចតួចក្តីក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក និងជម្រាបជូនសាធារណៈជន ដូចខាងក្រោម៖
*តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់ជាអ្វី?
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ជំងឺនេះកើតមាននៅក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ខុសពី ជំងឺជើងនិងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែកនៅ ដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។
ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុសកុកសាគី (Coxsackievirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។
*រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់
ជំងឺនេះជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល១ ទៅ ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមានពងបែកនៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉េគូទ ឬ អវៈយវៈភេទ។
*រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់
ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ។ រោគសញ្ញា នៃជំងឺធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ទន់អវៈយវៈ និងប្រកាច់ ឬកន្ត្រាក់ដៃជើង) និងរោគសញ្ញា ពិបាកដកដង្ហើម (ហត់) ។ ក្នុងករណីឃើញរោគសញ្ញាទាំងអស់នេះនៅលើកូន សូមឪពុកម្តាយ ឬអាណាព្យាបាលស្វែងរកសេវាព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។
*ការព្យាបាលកុមារដែលមានជំងឺពងបែកនៅដៃជើង និងក្នុងមាត់
មិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកនៅដៃជើង និងក្នុងមាត់។ អ្នកជំងឺគួរពិសាទឹកឱ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្ដៅដោយថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីដំបៅក្នុងមាត់។ ទោះជាមិនបានទទួលការព្យាបាល អ្នកជំងឺភាគច្រើនអាចជាសះស្បើយទៅវិញក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ លើកលែងតែករណីជំងឺមួយចំនួនតូចដែលធ្ងន់ធ្ងរត្រូវទាមទារការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យដែលបានរៀបរាប់នៅចំណុចខាងលើ។
*តើអាចឆ្លង/កើតជំងឺពងបែកនៅដៃជើង និង ក្នុងមាត់លើសពីមួយដងដែរ ឬទេ?
អាច! ពីព្រោះជំងឺពងបែកនៅដៃជើង និង ក្នុងមាត់ បង្កឡើងដោយវីរុសផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដងអាច បង្កឲ្យមាន ប្រព័ន្ធការពារខ្លួនទៅនឹងវីរុសតែមួយប្រភេទប៉ុណ្ណោះ ដូច្នេះយើងអាចឈឺម្តងទៀតប្រសិនបើយើងឆ្លងវីរុសប្រភេទថ្មី មួយផ្សេងទៀត។
- រយៈពេលគិតចាប់តាំងពីថ្ងៃឆ្លងវីរុសរហូតដល់ថ្ងៃចេញរោគសញ្ញាដំបូងជាទូទៅ ៣ ទៅ ៧ ថ្ងៃ។
- រោគសញ្ញាដំបូង មាន គ្រុនក្តៅជាទូទៅមានរយៈពេលពី ១ថ្ងៃ ទៅ២ថ្ងៃ
- ការហូបចុកថយចុះ អស់កំលាំង និង ជាញឹកញយឈឺបំពង់ក។
- មួយឬពីរថ្ងៃបន្ទាប់ពីគ្រុនក្តៅ អ្នកជំងឺចាប់ផ្តើមឈឺក្នុងមាត់ ដោយមាន ចំនុចពណ៌ក្រហមតូចៗ ដែលចេញ
ជាពង និងវិវត្តទៅជាដំបៅមានលើអណ្តាត អញ្ចាញ និង ផ្នែកខាងក្នុងនៃថ្ពាល់។ ស្បែកកន្ទួលមិនរមាស់ ស្នាមកន្ទួល
ឬ ពងបែកជាទូទៅមាននៅលើបាតដៃ និង បាតជើង ហើយក៏អាចមាននៅលើ កំប៉ះគូទ និង អវៈយវៈភេទ។
- ជួនកាលអ្នកជំងឺ មានតែកន្ទួល ឬ ដំបៅក្នុងមាត់។
- ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើមជាមួយគ្នា និងវិវត្តទៅរកការស្លាប់យ៉ាងឆាប់រហ័សបើគ្មានការព្យាបាលសមស្របទាន់ពេលវេលា។
* តើជំងឺពងបែកនៅដៃជើង និង ក្នុងមាត់អាចការពារបានដោយរបៀបណា?
ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ផ្ទាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ។ អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្តាហស៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬឆ្លងមកពីសត្វ ឡើយ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលសូមរំលឹក និងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នានូវវិធានការខាងក្រោម៖
*អនាម័យល្អ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និងលាមកអ្នកជំងឺ។
*ត្រូវលាងសំអាតដៃឱ្យបានស្អាត មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណី ដល់ទារក ឬ កុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរទ្រនាប់ គូទទារក ឬជូតសំអាតរាងកាយកុមារ។ លាងសំអាតផ្ទៃ និងរបស់ដែលប្រលាក់ដោយទឹកនិងសាប៊ូ។
*ជៀសវាងការប៉ះពាល់ស្និតស្នាល(ថើប អោប ប្រើប្រាស់សម្ភារៈសម្រាប់ហូបចុក រួមគ្នា។ល។ ត្រូវបន្ត ផ្តល់អាហារដែលមានសារជាតិចិញ្ចឹមច្រើន និង ទឹកស្អាតដល់កុមារ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារនីមួយៗ។
អ្នកមើលថែទាំកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួនល្អ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕