(ភ្នំពេញ)៖ ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ ជាមួយការងារ ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែ ល្អប្រសើរ។ នេះជាការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី, ខណ្ឌ និងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ការអនុវត្តការងារបែបនេះ នឹងទទួលបានការជឿទុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ។
ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឲ្យឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឲ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីធនធានមនុស្ស នៃសាលារាជធានីភ្នំពេញទាំងអស់ ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អ និងត្រូវតែមានតម្លាភាព។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះ ការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃឈប់សម្រាកឡើយ។ មន្ត្រីយើងដែលបាននិងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ ការងារយើងនឹងចេះអស់មួយជីវិត។
គួរបញ្ជាក់ថា ក្នុងពិធីនេះ ត្រូវបានតែងតាំងមន្ត្រីរាជការ៥រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖
*ទី១៖ លោក ហ៊ីម លីម៉េង តែងបានតាំងឲ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
*ទី២៖ លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។
*ទី៣៖ លោក ឡុង តារា ឲ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
*ទី៤៖ លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស។
*ទី៥៖ កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់មុខតំណែងជាអនុប្រធានការិយាល័យ កសាងសមត្ថភាពនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។
លោក ហ៊ីម លីម៉េង បានធ្វើការប្តេជ្ញាចិត្តថា នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី។ លោកសូមប្តេជ្ញាចិត្តថា នឹងគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ន និងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុត៕