(ភ្នំពេញ)៖ សមាគមមិត្តយើង ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនៅកម្ពុជា ដំណើរការទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសណ្ដាប់ធ្នាប់ល្អ។
តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សមាគមនេះ បានចាត់ទុកថា ការចូលរួមបោះឆ្នោតរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប រហូតដល់ជាង ៨០% កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាតួលេខខ្ពស់មួយបើធៀបទៅនឹងបណ្តាប្រទេសនានាលើសកលលោក ហើយបានឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ តាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
សមាគមមិត្តយើង បានទទួលការអនុញ្ញាតឱ្យចូលរូមសង្កេតការណ៍ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាផ្លូវការ ដើម្បីចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សមាគម ក៏បានបញ្ជូន សមាជិក សមាជិកា ២៧រូប ដើម្បីចុះសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតក្នុង ០៦រាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ, ខេត្តខេត្តតាកែវ, ខេត្តសៀមរាប, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តកំពតជាដើម ដែលគ្របដណ្តប់ ១១មណ្ឌលបោះឆ្នោត ស្មើនឹង ៤៦ការិយាល័យបោះឆ្នោត។
តាមរយៈការបូកសរុបរបាយការណ៍ និងការវាយតម្លៃរបស់សមាជិក សមាជិកា ជាអ្នកសង្កេតការណ៍ផ្ទាល់តាមមណ្ឌល និងការិយាល័យបោះឆ្នោត សមាគមមិត្តយើង អាចធ្វើការសន្និដ្ឋានបានថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ គឺបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានសណ្ដាប់ធ្នាប់ល្អ ដោយរក្សាគម្លាតសង្គមតាមវិធានការរបស់សុខាភិបាលបានយ៉ាងត្រឹមត្រូវជាមូលដ្ឋាន។
សមាគមមិត្តយើង ក៏បានកត់សម្គាល់ និងកោតសសើរផងដែរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជាពិសេស ដោយបានផ្ដល់ការឈប់សម្រាក០១ថ្ងៃមុន និង០១ថ្ងៃ ក្រោយការបោះឆ្នោតដល់ប្រជាពលរដ្ឋដែលបំពេញការងារជាកម្មករនយោជិតតាមសហគ្រាសគ្រឹះស្ថាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតឃុំ សង្កាត់ បរិយាកាសនៃការឃោសនា របស់គណបក្សនយោបាយប្រកបដោយភាពចាស់ទុំខាងនយោបាយ ភាពងាយស្រួលក្នុងការស្វែករកព័ត៌មានបោះឆ្នោតដោយអ្នកបោះឆ្នោតផ្ទាល់តាមរយៈបច្ចេកវិទ្យាឌីជីថលទំនើប ភាពចម្រុះនៃភ្នាក់ងារអង្កេតការពីគ្រប់គណបក្សនយោបាយមានលក្ខណៈល្អប្រសើរ ដំណើរការប្រជាធិបតេយ្យនីយកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានពង្រឹង និងអាចទុកចិត្តបាន។
សមាគមមិត្តយើង បានសម្ដែងការសាទរ និងសូមអរគុណដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានខិតខំរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណិត្តទី៥នេះ ដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕