(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕