(ភ្នំពេញ)៖ ស្ថានទូតបារាំង និង អាល្លឺម៉ង់ប្រចាំនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍បង្ហាញបទពិសោធន៍មួយចំនួន ដែលនាំឲ្យប្រទេសទាំងពីរនេះប្រែក្លាយជាគូសត្រូវ ក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏សំខាន់ក្នុងតំបន់អឺរ៉ុប។ តាមរយៈព្រឹត្តិការណ៍នេះ គេរំពឹងថា នឹងជួយផ្តល់ជាពិ សោធន៍សម្រាប់កម្ពុជា និងវៀតណាម ឈានទៅបញ្ចប់ភាពថ្នាំងថ្នាក់ ដែលដក់ជាប់ក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ ឆ្ពោះទៅរកការបង្កើនកិច្ច សហការគ្នាល្អដូចបារាំង និងអាល្លឺម៉ង់ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍បង្ហាញពីបទពិ សោធន៍ផ្សះផ្សាជាតិរវាងបារាំង និងអាល្លឺម៉ង់នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងភារធារីស្ថានទូតអាល្លឺម៉ង់។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយស្ថានទូតបារាំង និងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា រួមសហការជាមួយវិទ្យាស្ថានបារាំង នៅកម្ពុជា និងមជ្ឈមណ្ឌលវប្បធម៌ Meta House។ ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីតួនាទីដ៏សំខាន់របស់វប្បធម៌ និង ការអប់រំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសពីរ និង ប្រជាជនពីរ។ និស្សិត សមាជិកសភា ក៏ដូចជាសាធារណជន នឹងមានឱកាសពិភាក្សា និង សួរដេញដោលជាមួយវាគ្មិននានាអំពីបទពិសោធន៍នៃការផ្សះផ្សាគ្នារវាងបារាំងនិងអាល្លឺម៉ង់។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការបើកសម្ពោធពិព័រណ៍រូបថត Theater Museum ដែលបង្ហាញពីបទពិសោធន៍ នៃការប្រែក្លាយប្រវត្តិរបស់មនុស្សម្នាក់ៗ ទៅជាប្រវត្តិសាស្រ្តមនុស្សជាតិទូទៅក្នុងន័យទូលំទូលាយ។
សូមបញ្ជាក់ថា ប្រទេសបារាំង និងអាល្លឺម៉ង់ធ្លាប់ជាអតីតគូសត្រូវ នឹងគ្នាអស់រយៈពេលយ៉ាងយូរ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាដៃគូដ៏សំខាន់ក្នុងសហភាពអឺរ៉ុប។ ការផ្សះផ្សា និងរួបរួមគ្នាឡើងវិញ រវាងប្រទេសទាំងពីរ ពិតជាមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍសកម្មភាពផ្លាស់ប្តូរវប្បធម៌និងអប់រំនេះឡើយ។
សប្តាហ៍ក្រោយនេះ សាស្រ្តាចារ្យពីររូបមកពីប្រទេសបារាំង និងអាល្លឺម៉ង់ នឹងធ្វើបទបង្ហាញមួយស្តីអំពីប្រវត្តិ នៃកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងពិភាក្សាជាមួយអ្នកជំនាញកម្ពុជា និងវៀតណាម អំពីមធ្យោបាយទាញយកប្រ យោជន៍ពីបទពិសោធន៍នេះ ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ានទាំងមូលផងដែរ។
កម្មវិធីក៏មានការសម្តែងសិល្ប: ដោយសិល្បករកម្ពុជានិងវៀតណាម រួមទាំងកិច្ចពិភាក្សាតុមូលជាច្រើន នឹងត្រូវរៀបចំធ្វើឡើងនៅវិទ្យាស្ថានបារាំង និងនៅមជ្ឈមណ្ឌល Meta House ដើម្បីបង្ហាញឲ្យឃើញពីការអនុវត្តគំនិតផ្តួចផ្តើមរួមគ្នាជាក់ស្តែង។ ព្រឹត្តិការណ៍ទាំងនេះ ទទួលបានការគាំទ្រពីមូលនិធិវប្បធម៌បារាំង-អាល្លឺម៉ង់ ដែលគ្រប់គ្រងដោយប្រទេសទាំងពីរ ហើយតាមរយ:មូលនិធិនេះ ប្រទេសទាំងពីរបានបង្កើតព្រឹត្តិការណ៍នានា ជុំវិញពិភពលោក ដើម្បីបង្ហាញពីការរួបរួមគ្នារបស់ខ្លួន៕