(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតមួយ ជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទាំង១០ ថ្នាក់ដឹកនាំគណបក្សគ្រប់ ក្រុម ភូមិ សង្កាត់ យុវជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលៈបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយគាំទ្រលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ហើយធ្វើឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់សង្កាត់ក្នុងខណ្ឌ ទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត។
បន្ថែមពីនេះ លោក ជា ពិសី ក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ដល់កម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់គ្រប់ប្រភេទ មន្ត្រីរាជការស៉ីវិល និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ហើយអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំមូលដ្ឋានសង្កាត់ទាំង១០ ក្នុងការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជុំរុញការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ស្របតាមកម្មវិធីកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក។
ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព សណ្ដាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែង ឫបាតុភាពណាមួយកើតឡើងនោះឡើយ ដែលនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា «ប្រព័ន្ធបោះឆ្នោត និងដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាយើង បានគោរពតាមគោការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ពិតប្រាកដ» ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ច ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក ក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងបករជាពលរដ្ឋនៅទូទាំងខណ្ឌទួលគោកទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យគ្រប់តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីបន្តរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងនូវសមិទ្ធផលថ្មីៗ នៅក្នុងមូលដ្ឋានបន្ថែមទៀត៕