(ភ្នំពេញ)៖ សមាគមខ្មែរចំនួន៣ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានចេញសារគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដោយការមើលឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
សមាគមខ្មែរដែលបានចេញសារគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជានេះ រួមមាន៖ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ និងសមាគមកម្ពុជាសាមគ្គី។
សមាគមទាំង៣នេះ បានចេញសារគាំទ្រផ្សេងគ្នា តែមានខ្លឹមសារប្រហាក់ប្រហែលគ្នា។ ក្នុងសារគាំទ្រនេះ សមាគមបានគូសបញ្ជាក់ថា ពួកគេបានតាមដាន និងសាកសួរព័ត៌មានយ៉ាងយកចិត្តទុកដាក់លើដំណើរការបោះឆ្នោត។
«យើងខ្ញុំសូមវាយតម្លៃខ្ពស់ថា ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោត រួមទាំងការចូលរួមយ៉ាងសកម្មរបស់ក្រុមអ្នកសង្កេតការណ៍ភ្នាក់ងារបក្សនយោបាយ ភ្នាក់ងារជាតិ និងអន្តរជាតិ គឺប្រព្រឹត្តទៅយ៉ាងរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា»។ នេះជាការគូសបញ្ជាក់របស់សមាគម។
សម្រាប់សមាគម ដំណើរការដ៏ល្អនៃការបោះឆ្នោតនៅកម្ពុជា គឺបានបង្ហាញឱ្យឃើញភាពចាស់ទុំ និងភាពអាចទុកចិត្តបាននៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សមាគមទាំង៣ ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានយ៉ាងល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លៃភាពស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕