(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា» រយៈពេល២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា, លោកស្រី Hedy Lp តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា, អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន២៥, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចំនួន២៥ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.នក) អ្នកស្ម័គ្រចិត្តកាកបាទក្រហម មេភូមិ អ្នកស្ម័គ្រចិត្តព្យាបាលគ្រុនចាញ់មកពីខេត្តពោធិ៍សាត់ និងដៃគូសុខាភិបាល។
នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ផែនការយុទ្ធសាស្ត្រសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ បានផ្តោតការយកចិត្តទុកដាក់ការធ្វើពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកលដើម្បីឲ្យប្រជាជនកម្ពុជា មានសុវត្ថិភាព និងសុខភាពប្រសើរជាងមុន» វឌ្ឍនភាពដ៏គួរឲ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសុខាភិបាល។
ក្នុងរយៈពេលសែសិបឆ្នាំចុងក្រោយនេះ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម (Primary Health Care) ដែលបានបង្កើតឡើងនៅតាមមណ្ឌលសុខភាពជាច្រើននៅទូទាំងប្រទេស ដើម្បីផ្តល់សេវាដ៏ទូលំទូលាយសម្រាប់សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងការលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាលទ្ធផលឈានដល់ការសម្រេចបានគោលដៅសហសវត្ស (MDG) ទី៤ និងទី៥ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ បានយ៉ាងច្រើន និងបានបង្កើនអាយុរំពឹងទុក (Life Expectancy) របស់ប្រជាជនកម្ពុជា។
លោកស្រី ឱ វណ្ណឌីន បានអះអាងថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage) ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈផងដែរ។ ចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅកម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានាដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការថែទាំសុខភាពបឋមនៅកម្ពុជា ព្រមទាំងកំណត់ជម្រើសគោលនយោបាយដើម្បីសម្រេចបានការផ្លាស់ប្តូរនេះក្នុងទសវត្សរ៍ក្រោយ។
លោកស្រី ឱ វណ្ណឌីន សង្ឃឹមទុកយ៉ាងមុតមាំថាសិក្ខាសាលារយៈពេល ២ថ្ងៃ នេះនឹងសម្រចទទួលបាននូវចំណុចសំខាន់ចំនួន៣ ដូចខាងក្រោម៖
*ទី១៖ យោបល់ ឬអនុសាសន៍ល្អៗ ពីសិក្ខាសាសម្រាប់បញ្ចប់សេចក្តីព្រាងរបាយការណ៍ពិគ្រោះយោបល់ពីស្ថានភាពការថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា
*ទី២៖ ធាតុចូលលើទំហំ (Scope) និងគ្រោងនៃក្របខ័ណ្ឌជំរុញការអនុវត្តការងារថែទាំសុខភាពបឋម
*ទី៣៖ ធាតុចូលពីយន្តការ នៃការចូលរួមរបស់សហគមន៍ និងការលើកទឹកចិត្តក្រុមទ្រទ្រង់សុខភាពភូមិដែលអាចប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌជំរុញការងារថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។
ជាទីបញ្ចប់ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលាទាំងអស់ ដែលឆ្លៀតពេលដ៏មមាញឹកដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ ជាពិសេសលោកស្រី បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាដែលបានគាំទ្រ ថវិកា និងបច្ចេកទេសជាមួយក្រសួងសុខាភិបាល សម្រាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង៕