(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កាលពីថ្ងៃទី៥ខែមិថុនាកន្លងទៅនេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងគ្មានការគម្រាមកំហែងអ្វីឡើយ។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាថ្មីៗនេះ គឺបានធ្វើឡើងតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលមានជាធរមាន។ ជាមួយគ្នានោះឯកឧត្តមបញ្ជាក់ថា ការបោះឆ្នោតថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមក្រសែភ្នែកអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនហើយ ហើយក៏មិនមានសកម្មជនគណបក្សណា មានគ្រោះថ្នាក់មានអំពើហិង្សា‍ហូតដល់បាត់បង់អាយុជីវិតឡើយ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា៖ «ក្រោយពីតាមដានជាក់ស្តែង យើងឃើញថា មិនមានអំពើហិង្សា ការគំរាមកំហែង ការបង្ខិតបង្ខំឬសកម្មភាពណាខុសច្បាប់ឡើយដែលនេះជាចំណុចមួយបង្ហាញពីភាពចាស់ទុំរបស់អ្នកនយោបាយរបស់យើង»។ ឯកឧត្តមបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលប្រជុំបាយ័ន នៃវិមានរដ្ឋសភា។

ឯកឧត្តម ឌឹម សុវណ្ណារុំសមាជិក និងជាប្រធានប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតនេះមានគណបក្សចំនួន១៧ បានចូលរួមប្រកួតប្រជែងដោយមានបេក្ខជនសរុបចំនួន៨៦.០៩២នាក់ ក្នុងនោះមានស្ត្រីចំនួន២៧.៨១៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺតាំងពី ក្នុងដំណាក់កាលបើកយុទ្ធនាការបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋមឃើញថាបានប្រពឹត្តទៅយ៉ាងរលូននិងមមិនមានបាតុភាពអ្វីឡើយ។

តាមរយៈការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថាមានប្រជាជនចំនួន៧,១២លាននាក់ ស្មើនឹងជាង៧៧,៩១%នៃអ្នកចុះឈ្មោះបោះឆ្នោត បានចេញទៅបោះឆ្នោតដោយទឹកមុខរីករាយ។ យោងតាមលទ្ធផលបឋមនេះដែរបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ រហូតទៅដល់៧៤,៣២% ដោយមានអ្នកបោះឆ្នោតគាំទ្រចំនួន ៥.៣៥៣.០៣០សំឡេង។ បើផ្អែកទៅលើតួលេខបឋមគឺគណបក្សប្រជាជនកម្ពុជានឹងទទួលដឹកនាំធ្វើជាមេឃុំ ចៅសង្កាត់ស្ទើរគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងទូទាំងប្រទេស។

ប្រិយមិត្តជាទីមេត្រី ! នៅពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងសម្តែងក្តីសប្បាយរីករាយអបអរសាទរ ចំពោះជោគជ័យនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ក៏មានគណបក្សនយោបាយមួយចំនួន ដែលចូលរួមប្រកួតប្រជែងបានចេញសេចក្ដីថ្លែងការណ៍ ទទួលយកលទ្ធផលដោយភាពក្លាហាននិងការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាជនដែលជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះដែរ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតនេះផងដែរ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវជំហានរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយនេះគឺជាមោទនភាព ដ៏ធំធេងសម្រាប់ប្រជាជាតិ ។ ម៉្យាងវិញទៀតជោគជ័យនេះក៏បង្ហាញថា ប្រជាជនកម្ពុជាបានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ក្នុងការជ្រើសយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ជីវភាពរបស់ខ្លួនតទៅថ្ងៃអនាគត។ លទ្ធផលនៃការបោះឆ្នោតនេះ ក៏បង្ហាញផងដែរអំពី ភាពចាស់ទុំខាងនយោបាយរបស់បណ្តាអ្នកនយោបាយ និងប្រជាជនកម្ពុជាទូទៅ ជាពិសេសបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ អំពីជំហានរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើង ដែលគ្មានអ្នកណាម្នាក់អាចបដិសេធបានឡើយ។

សរុបសេចក្តីមក អ្វីដែលអ្នកនយោបាយត្រូវធ្វើបន្តទៀតនោះមិនថា អ្នកមកពីគណបក្សនយោបាយណានោះទេ ត្រូវតែរួបរួមសាមគ្គីធ្វើការជាមួយគ្នាដោយស្រុះស្រួលចិត្ត បម្រើប្រជាជនដោយក្តីស្មោះស្ម័គ្របំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដើម្បីតបស្នងសងគុណចំពោះប្រជាជនដែលជាម្ចាស់ឆ្នោត។ ពោលគឺអ្នកនយោបាយ ដែលនឹងចូលកាន់តំណែងជាមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវតែដាក់ចិត្តកាយ បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព លើកកម្ពស់ និងថែរក្សាការពារផលប្រយោជន៍ប្រជាជន ឱ្យបានល្អដើម្បីឱ្យសក្តិសមនឹងការផ្ដល់ជំនឿទុកចិត្តរបស់ប្រជាជន ដែលបានផ្តល់មកលើគណបក្សនយោបាយ ដែលបានជាប់ឆ្នោតទាំងអស់៕

ដោយ៖ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន