(អេហ្ស៊ីប)៖ មន្ត្រីអាកាសចរណ៍អេហ្ស៊ីប បានបញ្ជាក់ថា ក្នុងរយៈពេល ១០នាទីចុងក្រោយ មុនពេលយន្តហោះ EgyptAir ជើងហោះហើរ Flight 804 បាត់ពីរ៉ាដា គឺគ្មានការហៅទូរស័ព្ទសង្គ្រោះបន្ទាន់នោះទេ នេះបើយោងតាមការចេញផ្សាយ Update មុននេះបន្តិចរបស់សារព័ត៌មាន Reuters។
ក្រុមហ៊ុនអាកាសចរណ៍របស់អេហ្ស៊ីប លើកឡើងថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលកំពុងបាត់ខ្លួន អាចនឹងធ្លាក់នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ នេះបើយោងតាមព័ត៌មាន Sky News ចេញផ្សាយ Update មុននេះបន្តិច។
តាមការបញ្ជាក់បន្ថែម មានក្មេងម្នាក់ និងទារក ២នាក់ ក៏មានវត្តមានលើយន្តហោះដឹកអ្នកដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលបាននឹងកំពុងបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប នេះយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Sky News នៅមុននេះបន្តិច។
តាមការបញ្ជាក់ពីក្រុមហ៊ុន EgyptAir បានឲ្យដឹងថា យន្តហោះដែលបានបាត់ពីប្រព័ន្ធរ៉ាដា គឺស្ថិតនៅរយៈកម្ពស់ ៣៧,០០០ហ្វីត ប្រហែល ១១,៥គីឡូម៉ែត្រ និងជាប្រភេទយន្តហោះ Airbus 320។
យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានបាត់នោះ គឺស្ថិតនៅពេលហោះឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ និងជាដែនអាកាសនៃប្រទេសអេហ្ស៊ីបប្រហែល១៦គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយរបស់ Sky News ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមហ៊ុន EgyptAir បានឲ្យដឹងថា នៅលើយន្តហោះមានផ្ទុកមនុស្ស ៦៩នាក់ ក្នុងនោះមានអ្នកដំណើរ ៥៩នាក់ និងសហនាវិកចំនួន ១០នាក់ ដោយបានហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប៕