(ស្វាយរៀង)៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើការដុតកម្ទេចចោលលូស្បៃមុងខុសច្បាប់មួយចំនួន ដែលសមត្ថកិច្ចជំនាញចុះបង្ក្រាបនៅមាត់ទន្លេវៃគោ ស្ពានតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោយការឯកភាពពី លោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងខេត្ត។

លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីព្រឹកមិញនេះ លោកបានដឹកនាំ ក្រុមការងារចុះបង្ក្រាបករណីបទល្មើសជលផល ដោយបានសហការជាមួយកម្លាំង កងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀង និងនគរបាលអធិការដ្ឋាននគរបាលក្រុង។ ជាលទ្ធផលបង្ក្រាប និងរុះរើ បានលូស្បៃមុងស្មើ១០មាត់ ប្រវែង១២០ម៉ែត្រ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង បានចុះបង្ក្រាប និងរុះរើ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធរួចមកហើយ ដោយពេលនេះរុះរើ បានលូស្បៃមុងចំនួន២៥មាត់លប, កន្ទុយកណ្តុលចំនួន០៥កន្ទុយ ប្រវែង៦០ម៉ែត្រ, របាំងស្បៃមុងចំនួន១,០៥០ម៉ែត្រ និងបង្កោលចំនួន៥០០ដើម យកទៅកម្ទេចចោល៕