(ឧត្តរមានជ័យ)៖ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ប័ណ្ណព្រំដែនត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានជាង៣០០០ប័ណ្ណ សម្រាប់ប្វើដំណើរចេញ ចូល ខេត្តជាប់ព្រំដែនរបស់ប្រទេសថៃ ជាមួយខេត្តឧត្តរមានជ័យ។

លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២២នេះថា ដោយអនុវត្តតាមការណែនាំពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អង្គភាពច្រក ចេញ ចូលតែមួយសាលាខេត្ត បានខិតខំបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ពិសេសសេវាលើការផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ។

លោក ឃិន ញ៉ាណ បានបញ្ជាក់ថា ចាប់តាំងពីច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានភាគីថៃបើកដំណើរឲ្យប្រជាពលរដ្ឋចេញ ចូល ឡើងវិញជាធម្មតា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២២មក មានប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ បានមកសម្រុកធ្វើប័ណ្ណព្រំដែន (Boder Pass) មានចំនួនច្រើន។ លោកថា បើគិតមកដល់ថ្ងៃនេះរដ្ឋបាលខេត្ត បានផ្តល់បណ្ណព្រំដែនជូនប្រជាពលរដ្ឋ ជាង៣០០០ប័ណ្ណហើយ។

ក្នុងនាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ឃិន ញ៉ាណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដែលបានផ្តល់សម្ភារមួយចំនួន សម្រាប់ដំណើរការផលិតប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។

ដោយឡែក លោក បុិច រតនៈ នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ទទួលបន្ទុកអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្ត បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលអាចធ្វើបណ្ណព្រំដែនបាន លុុះត្រាតែមានអត្តសញ្ញាណបណ្ណ ឬឯកសារពាក់ព័ន្ធច្បាស់លាស់ បញ្ជាក់ដោយអាជ្ញាធរក្នុងខេត្តឧត្តរមានជ័យ និយាយរួមសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះ ហើយបណ្ណព្រំដែននេះ គឺធ្វើតែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ ដោយចំណាយថវិកាចំនួន២០,០០០រៀល៕