(ស្វាយរៀង)៖ មានករណីឪពុកស្រវឹងស្រាដុតផ្ទះកូន បង្កជាអគ្គីភ័យឆេះយ៉ាងន្ធោសន្ធៅ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ទាំងយប់ តែជួយសង្គ្រោះមិនទាន់បានបណ្តាលឲ្យស្លាប់ខ្លួនឯង និងរបួសមនុស្សម្នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

របាយការណ៍របស់មន្ដ្រីនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ ម៉ម យ៉ាវ អាយុ៧២ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកអ្នករងរបួសត្រូវជាបងម្ចាស់ផ្ទះមានឈ្មោះឈួន សារី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ បឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ។ ដោយឡែក ម្ចាស់ផ្ទះមានឈ្មោះ នឹម និត អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយផ្ទះដែលរងការខូចខាតនេះ សង់អំពីឈើទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ក្រាលក្ដារ។

ចំណែកសម្ភារដែលខូចខាតរួមមាន មាស៥ជី, ប្រាក់ដុល្លា៦០០ដុល្លារ, ស្រូវ១៥ទៃ, ទូរដាក់ខោអាវ១, ប្លង់ដី២, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើតសៀវភៅក២ ក៤ និងសម្ភារប្រើប្រាស់មួយចំនួនធំ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារ ឪពុកជាមនុស្សស្រវឹងខួបរាល់ថ្ងៃ ហើយបានយកដែកកេះដុតផ្ទះកូនតែម្តង។

បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕