(ភ្នំពេញ)៖ ជាមួយនឹងជ័យជម្នះ ដ៏ធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាលើកនេះ, លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអំពាវនាវសមាជិក សមាជិកា សកម្មជន និងប្រជាជនដែលស្រឡាញ់បក្សប្រជាជននៅក្នុងខេត្តកែបទាំងអស់ សូមបន្តរក្សា ការពារជ័យជម្នះនេះ ឱ្យសម្រេចបានសាជាថ្មីៗម្តងទៀត និងកាន់តែធំធេងថែមទៀត សម្រាប់ការបោះឆ្នោត សកលជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាឆ្នាំ២០២៣ខាងមុខ សមនឹងពាក្យស្លោក គណបក្សប្រជាជនកម្ពុជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចក្ខុវិស័យមុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស្រឡាញ់បំផុតរបស់ប្រជាជនយើង។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលបានប្រព្រឹត្តទៅដោយរលូន តម្លាភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែងរួចមក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក, សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៃខេត្តកែប សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងមេឃុំ-សង្កាត់ទាំង៥ នៅក្នុងខេត្តកែបទាំងមូល។
នៅក្នុងលិខិតកោតសរសើរ និងថ្លែងអំណរគុណ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា៖
«ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ជាមួយនឹងការវាយតម្លៃខ្ពស់ ព្រមទាំងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីក្នុងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែបគ្រប់ៗរូប គ្រប់ជាន់ថ្នាក់ រួមទាំង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា, ប្រជាពលរដ្ឋនៃខេត្តកែបទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន ស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាង រួមកម្លាំងមហាសាមគ្គីជាធ្លុងមួយ សម្រេចបានជោគជ័យថ្មីមួយទៀតជាប្រវត្តិសាស្ត្ររបស់ខេត្តកែប ក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍គណបក្សប្រជាជនកម្ពុជា និងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជនកម្ពុជា ដោយបានចូលរួមធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ប្រព្រឹត្តទៅដោយរលូន តម្លាភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិមនុស្សជាសកល ហើយសម្រេចបាននូវលទ្ធផលល្អត្រចះត្រចង់»។
ក្នុងលិខិតដដែលបានបន្តថា បរិយាកាសដ៏ល្អនៃការបោះឆ្នោតកន្លងទៅថ្មីៗនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិកាន់តែមើលឃើញពីភាពចាស់ទុំ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គោរពនិងវាយតម្លៃខ្ពស់ ចំពោះប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត។ ទន្ទឹមនឹងនេះ តាមរយៈការប្រកាសលទ្ធផលបោះឆ្នោតជាបណ្តោះអាសន្ន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនយើង រួមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកែបទាំងមូល នៅតែរក្សាគោលជំហរឥតងាករេ និងមានភក្តីភាព ប្រកបដោយភាពជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ប្រកបដោយឆន្ទៈមុតស្រួច ក្នុងការ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាំមកនូវលទ្ធផលជាទីពេញចិត្ត ដើម្បីគណបក្សប្រជាជនកម្ពុជាមានឱកាសបន្តគ្រប់គ្រងដឹកនាំប្រទេស និងអភិវឌ្ឍន៍សង្គមជាតិ ចាប់ពីកម្រិតមូលដ្ឋានឃុំ សង្កាត់ ឡើងទៅដល់កម្រិតថ្នាក់ជាតិ ស្របតាមបាវចនារបស់គណបក្សគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហើយក៏ដើម្បីជាស្នូល នៃការបន្តរក្សាការពារសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជនយើង។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្តទៀតថា «ជាថ្មីម្តងទៀត តាងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងធ្វើការកត់ត្រាទុក និងចងចាំជានិច្ចចំពោះភក្តីភាព វីរភាព និងភាពសកម្មរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប, គ្រប់សមាជិក សមាជិកាគណបក្ស, ក្រុមបក្ស, អនុសាខា-សាខាគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ចំណុះឱ្យគណបក្សខេត្តកែប រួមទាំងប្រជាជននៅក្នុងខេត្តកែបទាំងមូល ដែលបានរួបរួមគ្នាជាកម្លាំងឯកភាព សាមគ្គីភាពរឹងមាំ ធ្វើអ្វីៗទំាងអស់ដើម្បីភាពជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា»៕