(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា លទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ គឺបញ្ជាក់អំពីសេចក្ដីជឿជាក់ ការគោរពស្រលាញ់ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ានិត តាមរយៈ Facebook បានឲ្យដឹងយ៉ាងដូច្នេះថា «លទ្ធផលបោះឆ្នោត បានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿជាក់ គោរព ស្រលាញ់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដេីម្បីការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូន ពូមីង លោកយាយ លោកតា និងប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ទាំងអស់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោត ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ចូលរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍទាំងនៅមូលដ្ឋាន និងស្រុកស្ទឹងត្រង់ទាំងមូល។
លោកក៏មិនភ្លេចនូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារទាំងអស់ រួមទាំងថ្នាក់កណ្តាល និងមូលដ្ឋាន លើការងារដឹកនាំ និងចុះបម្រេីប្រជាជនដល់មូលដ្ឋាន។ ទាំងក្រុមការងារថ្នាក់កណ្តាល និងមន្ត្រីមូលដ្ឋាន ពិតជាបានសហការគ្នាយ៉ាងល្អ បង្កើនសាមគ្គីភាព លះបង់ទាំងកម្លាំងកាយចិត្ត បម្រេីប្រជាជន ដោយស្មោះស្ម័គ្រ។
លោកបានអះអាងទៀតថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាការតបស្នងនូវស្នាដៃដ៏ធំធេង សមិទ្ធផលនានា និងកិច្ចខំប្រឹងប្រែងរបស់ សម្ដេច ហ៊ុន ណេង អតីតប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្នុងការអភិវឌ្ឍន៍ភូមិឃុំ ស្រុកជាបន្តបន្ទាប់ បម្រើ និងដោះស្រាយបញ្ហាជូនប្រជាជន។ ទោះបីជា សម្ដេចបានលាចាកឆ្ងាយលោកពិតមែន ប៉ុន្តែក្រុមការងារថ្នាក់កណ្តាល និងមូលដ្ឋាន សមាជិក សមាជិកាគណបក្ស និងមន្ត្រីគណបក្ស នៅតែបន្តកិច្ចខិតខំប្រឹងប្រែង និងបេ្តជ្ញាបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឥតឈប់ឈ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ