(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមជាមួយព្រះសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះបន្ទាប់ទី១០ ជាផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ចន ព្រុំ អាយុ៨៧ឆ្នាំ រស់នៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។

នាយកប្រតិបត្តិនៃសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា លោក តា ចន ព្រុំ និងប្រពន្ធឈ្មោះ កៅ អាន អាយុ៦១ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ ក្នុង១ខែ ប្រមាណ ២០ម៉ឺនរៀល។

ពួកគាត់ មានកូនប្រុសស្រី ៤នាក់ បានរៀបការបែកគ្រួសារ ប៉ុន្តែមានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន។ លុះច្រើនឆ្នាំមកនេះ លោកតា ព្រុំ វ័យកាន់តែជរា ហើយលោកយាយ អាន ក៏មានជម្ងឺប្រចាំកាយ ថែមទៀត នាំអោយជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តងៗ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះទើបលោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខាសាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ប្រគល់ជូន លោកតា ចន ព្រុំ និងលោកយាយ កៅ អាន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាល បង្កលទ្ធភាពឲ្យសកម្មភាពសេដ្ឋកិច្ចសង្គម មានសកម្មភាពពេញលេញ ឡើងវិញក្តី តែបងប្អូនម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលជីវភាពរស់នៅ របស់លោកតា លោកយាយខាងលើ សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគបរិភោគ ជូនរួមមាន៖ អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០០,០០០រៀល។

ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០រៀលផងដែរ៕