(កំពង់ចាម)៖ លោក ឡាវ វ៉ាន់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់លោក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៥៦០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កន្លងមកក្នុងឃុំចំនួន៤រួមមាន ឃុំសណ្តែក ឃុំត្រប់ ឃុំតាំងក្រសាំង និងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនាមលោក ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានសំដែងការ សោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ លោកស្រីក៏សូមនាំ បណ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត ដោយលោកសូមចូលរួមសោកស្តាយ នូវការបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិ របស់បងប្អូន ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ។
លោក ឡាវ វ៉ាន់ បានអំពាវនាវឲ្យបងប្អូនទាំងអស់ក្នុងភូមិស្រុក មានការប្រុងប្រយ័ត្ន ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយមាន បម្រែបម្រួលអាកាសធាតុ រដូវនេះមានភ្លៀងធ្លាក់កក់ខែ នាំមកនូវខ្យល់កន្រ្តាក់ រន្ទះ ដូចនេះសូមឲ្យបងប្អូនទាំងអស់មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងប្រកបមុខរបរស្រែ ចំការ ទាំងអស់គ្នា ។
ក្នុងឱកាសនោះលោក សូមចូលរំលែកទុក្ខលំបាកចំពោះពុក ម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ នាពេលនេះសូមផ្តល់ ជាអំណោយមនុស្សធម៌បន្តិចបន្តួចរបស់ លោក ហ៊ុន ម៉ាណែត ដែលមួយគ្រួសារៗនូវ ស្បៀង អាហារមួយចំនួនផងដែរ ៕