(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅរដ្ឋាភិបាលអូស្រ្តាលីថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដើម្បីការពារបូរណភាពដែនសមុទ្រ និងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
នៅក្នុងជំនួបតាមទូរស័ព្ទជាមួយ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឆ្លើយតបចំពោះចម្ងល់របស់សមភាគី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការសាកសួរ របស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញ ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុន មកដោយប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី Penny Wong បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។
ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។
ក្នុងពិធីដដែលនេះ សម្តេចពិជ័យសេនា បានបដិសេធជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ៕