(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យរដ្ឋតូចៗ ត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កបរិយាកាសសន្តិសុខសកលមានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដោយគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត ជាពិសេសបច្ច័យអវិជ្ជមាន ការងើបឡើងវិញនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។
«ជាមួយគ្នានេះ សង្គ្រាមនេះបានបង្ហាញច្បាស់ពីការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងធ្វើឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យរដ្ឋតូចៗ ត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ»។ នេះជាការគូសបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា។
សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានអូសអន្លាយរយៈពេលជាង១០០ថ្ងៃមកហើយ ដោយកងទ័ពរុស្ស៉ី កំពុងបង្កើនការវាយលុកនៅតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលពួកបច្ចិមប្រទេស បានបញ្ជូនអាវុធជាច្រើនសន្ធឹកសន្ធាប់ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដើម្បីតទល់នឹងរុស្ស៉ី ក្នុងនោះមានទាំងប្រព័ន្ធមីស៊ីលចម្ងាយមធ្យមផងដែរ។
ទោះបីជាសង្គ្រាមនេះស្ថិតនៅក្នុងព្រំដែនអឺរ៉ុបខាងកើត ដែលមិនទាន់ចូលទឹកដីណាតូ ប៉ុន្តែក្រុមអ្នកវិភាគនយោបាយ បានលើកឡើងថា សង្គ្រាមនេះមិនមែនត្រឹមតែជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននោះទេ ប៉ុន្តែវាជាសង្គ្រាមរវាងមហាអំណាចរុស្ស៉ី និងណាតូ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តបានកៀរគរកម្លាំងសម្ព័ន្ធមិត្តដាក់សម្ពាធ និងទណ្ឌកម្មនានាលើរុស្ស៉ី។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន និងបានស្ថិតក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកថា ករណីនេះជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោកផងដែរ៕