(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានចេញលិខិតសរសើរ និងថ្លែងអំណរគុណ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ដែលធ្វើឲ្យបក្សមានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥។

លិខិតសរសើរ និងថ្លែងអំណរគុណ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់នៃខេត្តស្ទឹងត្រែងព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅខេត្តស្ទឹងត្រែង បានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រលើសផែនការកំណត់ និងមានជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ»

ទន្ទឹមនឹងនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺបានដំណើរការប្រព្រឹត្តិទៅដោយជោគជ័យ មានការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គម ព្រមទាំងបានការទទួលស្គាល់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយវាយតម្លៃខ្ពស់ថា មានដំណើរការល្អ ស្ងប់ស្ងាត់ សុខសន្តិភាព គ្មានអំពើហិង្សា សេរី និងយុត្តិធម៌។ ទាំងនេះក៏បានបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕