(កណ្ដាល)៖ គណៈកម្មការចំរុះថ្នាក់ខេត្តមួយក្រុម ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយឧកញ៉ា ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ និងស្រុកស្អាងបាននាំគ្នាចុះទៅត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅលើទីតាំងដីទំនាស់នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ តែលទ្ធផលយ៉ាងណានោះគេនៅមិនទាន់ដឹងនៅឡើយទេ។
គណៈកម្មការចំរុះថ្នាក់ខេត្តដែលចុះទៅត្រួតពិនិត្យមើលនេះដឹកនាំដោយលោកខឹម ចាន់គីរី អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មការ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ដោយក្នុងនោះក៏មានវត្តមានភាគីប្រជាពលរដ្ឋចូលរួមផងដែរ។ ក្នុងនោះលោកឧកញ៉ា ឡោក ហ៊ួរ ក៏គេឃើញមុខទៅចូលរួមដែរ ខណៈកន្លងមកគេកម្រឃើញលោកទៅចូលរួមណាស់ នៅពេលអាជ្ញាធរកោះហៅ អោយចូលរួមដោះស្រាយម្ដងៗ។
តាមការអោយដឹងពីមន្ត្រី ដែលចុះទៅត្រួតពិនិត្យនេះបានអះអាងថាជំហ៊ានដំបូង គឺគណៈកម្មការធ្វើការផ្ទៀងផ្ទាត់ដី២០០០ហិកតា ដែលឧកញ៉ា ឡោក ហ៊ួរ មានប័ណ្ណកម្មសិទ្ធិរវាងប្លង់ដី និងទីតាំងដីជាក់ស្ដែង ដែលដីនេះកំពុងមានទំនាស់ប្ដឹងផ្ដល់គ្នាទាំងនៅអាជ្ញាធរ និងនៅតុលាការរវាងឧកញ៉ា ឡោក ហ៊ួរ ជាមួយអង្គការកាំហ្វិត។ ក្នុងនោះតាមការអោយដឹងពីលោកឧកញ៉ា ឡោក ហ៊ួរ បានប្រាប់ Fresh News អោយដឹងនាពេលកន្លងមកថាដី របស់លោកទាំង២០០០ហិកតាសុទ្ធតែមានប័ណ្ណកម្មសិទ្ធិ និងទិញ ដោយស្របច្បាប់។
ប៉ុន្តែអ្នកស្រី ហែម សុភាព តំណាងអង្គការកាំហ្វិតដែលអះអាងថាមានដី១០០០ហិកតា ត្រូវឧកញ៉ា ឡោក ហ៊ួរ រំលោភបំពានយកនោះបានប្រាប់ Fresh News នាពេលថ្មីៗនេះថា ប័ណ្ណកម្មសិទ្ធិដែលឧកញ៉ា ឡោក ហ៊ួរ មានគឺជាប័ណ្ណដែលកសាងឡើងមិនត្រឹមត្រូវតាមច្បាប់ និងតាមនីតិវិធីឡើយ ព្រោះខណៈដីកំពុងស្ថិតនៅក្នុងទំនាស់ ដោះស្រាយមិនទាន់ចប់ មានទាំងដីការក្សាការពាររបស់តុលាការទៀត បែរជាមន្ទីរសុរិយោដីខេត្ត ហ៊ានចេញប័ណ្ណកម្មសិទ្ធិអោយទាំងបំពានលើអំណាចតុលាការទៅវិញ។
មន្ត្រីដែលដឹងរឿងបានអះអាងថា ចង់ដឹងដី២០០០ហិកតានេះ លោកឧកញ៉ា ឡោក ហ៊ួរ បានមកដោយត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណានោះ សូមអោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បង្កើតគណៈកម្មការសើរើត្រួតពិនិត្យមើលតាំងពីស្នាមមេដៃទិញ លក់របស់ប្រជាពលរដ្ឋ ធ្វើកោសល្យវិច្ច័យមើលទៅដឹងហើយ តើមានស្នាមមេដៃប្រជាពលរដ្ឋ ជាម្ចាស់ដីពិតប្រាកដប៉ុន្មាននាក់?៕