(ភ្នំពេញ)៖ លោក កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានចេញលិខិតថ្លែង អរគុណប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែផ្តល់នូវជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។
លិខិតថ្លែងអំណរ ដែលបណ្តាញព័ត៌មាន Free News ទទួលបាន នៅថ្ងៃទី៨ ខែមិថុនានេះ បញ្ជាក់ថា «ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការយុទ្ធនាការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ និងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែផ្តល់នូវជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក»។
លោកក៏សូមថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ សមាជិក សមាជិកាគណបក្សទាំងអស់ដែលបានលះបង់ កម្លាំង កាយចិត្ត និងធនធាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមិននឿយហត់រហូតទទួលបានការគាំទ្រ និងជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដើម្បីបន្តបេសកកម្មដឹកនាំ និងអភិវឌ្ឍឃុំ/សង្កាត់ តទៅមុខទៀត។
ជាមួយគ្នានេះ លោកក៏សូមថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យដែលបានខិតខំយកចិត្តទុកដាក់ ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានដំណើរការនិងប្រព្រឹត្តទៅដោយរលូន ជោគជ័យ ក្រោមបរិយាកាសសុខសន្តិភាព និងគ្មានអំពើហឹង្សា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ៕