(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា ការដោះបន្ទុកក៏ដូចជាការបន្ធូរបន្ថយ នូវកិច្ចការផ្ទះរបស់ស្រ្ដី នឹងចូលរួមធ្វើឲ្យស្រ្ដី ចេញប្រកបអាជីវកម្មបានពេញលេញ ឆ្ពោះទៅរកការធ្វើអាជីវកម្ម របស់សហគ្រិនស្រ្ដី កាន់តែទូលំទូលាយល្អ។
ការលើកឡើងរបស់លោក ថេ ឈុន ហាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី ការដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី «នៅក្នុងដៃនាង» កម្មវិធីនេះរៀបចំឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការផេកកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
លោក ថេ ឈុនហាក់ បានឲ្យដឹងថា «ដើម្បីឲ្យស្រ្ដីមានសក្ដានុពលពេញលេញ ក្នុងការចូលរួមប្រកបអាជីវកម្ម គឺត្រូវចូលរួមដោះបន្ទុកផ្សេងៗរបស់ស្រ្ដី [....] ជាក់ស្ដែងដូចជាការដោះបន្ទុកបន្ធូរបន្ថយលើកិច្ចការផ្ទះ ជាចំណែកមួយក្នុងការចូលរួមប្រកបអាជីវកម្មរបស់ស្រ្ដី កាន់តែទូលំទូលាយល្អ»។
លោកបានបន្ដថា ការជ្រោមជ្រែងស្រ្ដីឲ្យទទួលបានទុនវិនិយោគ មានទីផ្សារក្នុងការប្រកបអាជីវកម្ម មានចំណេះដឹងផ្នែកឌីជីថល និងជួយដោះស្រាយបន្ទុកនៃកិច្ចការផ្ទះ នោះការបោះជំហានចូលក្នុងអាជីវកម្ម របស់ស្រ្ដីនឹងរីកដុះដាល។
សូមជម្រាបថា ទស្សនាវដ្តី «នៅក្នុងដៃនាង» ជាទស្សនាវដ្ដីដែលផ្តល់ឱ្យសហគ្រិនស្ត្រី នៅកម្ពុជានូវឧបករណ៍ សម្រាប់កសាងអាជីវកម្មរបស់ពួកគេ។ តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀប ដែលអាចឱ្យសហគ្រិន ដោះស្រាយបញ្ហាប្រឈម ដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្ម ដូចជារបៀបចុះឈ្មោះជាមួយបេឡាជាតិ របបសន្តិសុខសង្គម ជាដើម។
ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិតអំពីជំហានសំខាន់ៗដែលត្រូវការ ដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយ ទៅជាសហគ្រាសស្របច្បាប់ ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
លោកស្រី ហាន វ៉ឹន នាយកបេសកកម្មស្តីទីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងថា «ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ បានគាំទ្រយ៉ាងខ្លាំង ដល់ការចូលរួមរបស់ពលរដ្ឋ និងផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ហើយការទទួលបានព័ត៌មានពិតជាសំខាន់ ចំពោះការចូលរួម។ ទស្សនាវដ្តីនេះនឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជា នូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើម និងពង្រីកអាជីវកម្ម»។
លោកស្រី សាប៊ីន យ៉ៅគ្គឺស នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជា បានឲ្យដឹងថា «ទស្សនាវដ្តីនេះគាំទ្រសហគ្រិនស្ត្រី ក្នុងការធ្វើឱ្យអាជីវកម្ម ក្នុងក្តីសុបិនក្លាយជាការពិត។ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពីបញ្ហាប្រឈម និងផ្តល់នូវជំហានជាក់ស្តែង ក្នុងការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគ្រិនស្ត្រីអាចដោះស្រាយបញ្ហាទាំងនោះបាន»៕