Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះសីហនុ យកប្រាក់លក់ឡៃឡុងទ្រព្យសម្បត្តិក្នុងរោងចក្រ GGC បើកជូនកម្មករ ក្រោយថៅកែរត់គេចខ្លួន

19-05-2016 11:29

(ព្រះសីហនុ)៖ ដូចការជូនដំណឹងកាលពីម្សិលមិញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរមកពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បានយកថវិកាទទួលបានពីការលក់ឡៃឡុងទ្រព្យសម្បត្តិក្នុងរោងចក្រ GALEY GLOBAL CAMBODIA CO., LTD (GGC) ជាង ៦ម៉ឺនដុល្លារ យកទៅបើកប្រាក់ឈ្នួលជូនកម្មករចំនួន ៨៦៧នាក់ បន្ទាប់ពីថៅកែរបស់ពួកគេជាជនជាតិអាមេរិក បានរត់គេចខ្លួនបាត់។

សមាសភាពអ្នកចូលរួមបើកប្រាក់ឈ្នួលជូនកម្មករ និយោជិត ដែលត្រូវថៅកែរត់ចោលនេះរួមមាន៖ តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសាលាខេត្តព្រះសីហនុ តំណាងរដ្ឋបាលតំបន់ CDC តំណាងក្រសួងពាណិជ្ជកម្ម តំណាងការិយាល័យគយ និង រដ្ឋាករប្រចាំរដ្ឋបាលតំបន់ តំណាងការិយាល័យកាំកុងត្រូលប្រចាំរដ្ឋបាលតំបន់ គណនេយ្យរោងចក្រ GGC រដ្ឋបាលរោចក្រ GGC និង តំណាង SSEZ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានឲ្យដឹងថា កម្មករ និយោជិត ដែលបើកប្រាក់ឈ្នួលនា ព្រឹកនេះ មានចំនួន ៨៦៧នាក់ ហើយក្នុងម្នាក់ៗទទួលបានប្រាក់ ៧១ដុល្លារស្មើៗគ្នា។ ដោយឡែកប្រាក់ឈ្នួល ដែលនៅខ្វះ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត របស់កម្មករនិយោជិត មន្ទីរ និងគណៈកម្មការចំម្រុះ នឹងបន្តខិតខំដោះស្រាយតាមនីតិវិធីជាធរមានជាមួយរោងចក្រ GGC ដែលមានថៅកែជាជនជាតិអាមេរិក។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចលក់ឡៃឡុងអចលនទ្រព្យនៅក្នុងរោងចក្រ GGC ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ និយោជិត ដោះស្រាយផលលំបាកក្នុងជីវភាពរបស់កម្មករ និយោជិត។ ប្រាក់ទទួលបានពីការលក់ឡៃឡុងអចលនទ្រព្យក្នុងរោងចក្រនេះ មានចំនួន ៦១,០០០ដុល្លារអាមេរិក៕