(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) និង ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពីធីប្រគល់‍ ទទួលរថយន្តចំនួន៧គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅក្រោមគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។

ពិធីនេះមានការចូលរួមពីលោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក Hyunjun RHO ប្រធានតំណាងកយកាប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត ជេត ជា លី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោកបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា និងបុគ្គលិកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងចំណោមរថយន្តទាំង៧រឿងនេះ រថយន្តចំនួន២គ្រឿង ផ្តល់ជូនមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការងារគម្រោងការបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា និងរថយន្ត៥គ្រឿងទៀត ផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំយុវជន និងកីឡានៅខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ សម្រាប់គាំទ្រដំណើរការគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។

សូមបញ្ជាក់ថា គម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ស្ថិតក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ចំនួនប្រមាណជា ៨លានដុល្លាសហរដ្ឋអាមេរិ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ដែលត្រូវបានអនុវត្តដោយ Korea Productivity Center (KPC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ២០១៩-២០២៣។ គម្រោងនេះមានគោលបំណងបង្កើតប្រព័ន្ធធុរកិច្ចថ្មី និងបណ្តាញទីផ្សារ នៅប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពប្រកួតប្រជែងអ្នកចាប់ផ្តើមធុរកិច្ចថ្មី និងលើកកម្ពស់កម្មវិធីគាំទ្រដល់ការបង្កើតធុរកិច្ចថ្មី ដែលនឹងរួមចំណែកដើម្បីធ្វើពិពិធកម្មឧស្សាហកម្ម និងជួយសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

រីឯកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានរយៈពេល ៥ឆ្នាំ (២០២០-២០២៤) ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ក្នុងថវិកាប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិច។ គម្រោងនេះអនុវត្ត នៅតាមសាលាបឋមសិក្សាចំនួន២៧២ ដែលមានចំនួនសិស្សសរុបចំនួន ២៩,០៣២នាក់ ក្នុងខេត្កំពង់ឆ្នាំង កំពង់ធំ និង ខេត្តពោធិ៍សាត់៕