(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន អំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាន ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ជូនបណ្តាញព័ត៌មាន Fresh News ។
លោកបានបន្ថែមថា លទ្ធផលបណ្តោះអាសន្ននេះ នឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅតាមឃុំសង្កាត់ ទូទាំងប្រទេស និងផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់គ.ជ.ប ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
តាមសេចក្តីប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕