(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាមេឃុំចៅសង្កាត់ ទាំង៤៨ នៅខេត្តក្រចេះ។
តាមរយៈលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក ព្រុំ សុខា បានថ្លែងយ៉ាងដូច្នេះថា៖
«ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង ថ្លែងនូវការកោត់សរសើរដ៏ជ្រាលជ្រៅ និងអំណរគុណដាំអនេកប្បការជូនចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងសម្រេចភារកិច្ចរបស់ខ្លួន ក្នុងការច្បាមជាប់មូលដ្ឋាន ចុះផ្សាភ្ជាប់សុខទុក្ខ ជាប្រចាំជាមួយប្រជាពលរដ្ឋតាមភូមិ ឃុំ សង្កាត់ បង្កលក្ខណៈល្អប្រសើររហូតដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះគ្រប់ឃុំ សង្កាត់ទាំង៤៨ ក្នុងខេត្តក្រចេះ។
ជោគជ័យនេះ រួមចំណែកយ៉ាងសាកសមជាមួយជ័យជំនះដ៏ធំធេងនៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានទំនុកចិត្តនិងការគាំទ្រឥតងាករេជាបន្តទៀតរបស់ពលរដ្ឋអ្នកបោះឆ្នោត មកលើឧត្តមគតិមាគ៌ា និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។
ជោគជ័យនេះ ក៏ជាការរួមចំណែកដល់ដំណើរការប្រព្រឹត្តទៅដោយជោគជ័យនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្សទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។
ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរជូនចំពោះបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះដែលបានចូលរួមជាមួយ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បន្តគាំទ្រជាប់ជានិច្ចមកលើគណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាង និងថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»៕