(ភ្នំពេញ)៖ ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះ ដំណើរការមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងសេចក្តីថ្លែងការណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា តបតាមការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនោះ ខ្លួនបានចុះសង្កេតលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សមាគម បានចាត់បញ្ចូនសមាជិកចំនួន ៨នាក់ ចុះសង្កេតដំណើរការបោះឆ្នោតក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។

ក្នុងសេចក្តីថ្លែងការណ៍នេះ សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា តាមរយៈការវាយតម្លៃ ឈរលើលទ្ធផលនៃការបូកសរុបរបាយការណ៍របស់សមាជិក ដែលបានចុះសង្កេតផ្ទាល់ នៅតាមបណ្ដាការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះ សមាគមអាចសន្និដ្ឋានបានថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សនយោបាយទាំងអស់អាចចូលរួមដោយសេរី និងស្មើភាពក្នុងគ្រប់ដំណើរការ និងស្របតាមក្របខណ្ឌច្បាប់។

«យើងខ្ញុំពុំឃើញមានសញ្ញានៃការបំភិតបំភ័យ និងអំពើហិង្សាណាមួយ នៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ដែលយើងខ្ញុំបានចុះសង្កេត ក្នុងអំឡុងពេលនៃការបោះឆ្នោតនេះ ហើយអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតដោយសេរី និងសោមនស្សរីករាយ ក្នុងការជ្រើសរើសយកមេដឹកនាំឃុំ សង្កាត់រៀងៗខ្លួន»។ នេះជាការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ។

សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ក្នុងពេលសង្កេតដំណើរការបោះឆ្នោតនេះ សមាជិកខ្លួនក៏បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការ និងបរិយាកាសនការឃោសនាបោះឆ្នោត, ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោតបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

បន្ថែមពីលើនោះដំណើរការបោះឆ្នោតនេះ មានការចូលរួមយ៉ាងសកម្មក្នុងការអង្កេតការណ៍របស់ភ្នាក់ងារគណបក្សនយោបាយពាក់ព័ន្ធ ដែលត្រូវបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរព្រមទាំងមានការចូលរួមយ៉ាងផុលផុស និងដោយសេរី ដែលបង្ហាញនូវភាពកាន់តែចាស់ និងភាពអាចទុកចិត្តបាននៃដំណើរការប្រជាធិបតេយ្យនីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានកោតស់រសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះបានយ៉ាងរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

តាមរយៈសេចក្តីថ្លែងការណ៍នេះ សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមអបអរសាទរដល់ប្រជាជនកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងវិបុលភាព។

សមាគមបានសម្តែងការជឿជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងនៅតែបន្តលូតលាស់ ហើយប្រជាជនកម្ពុជានឹងអាចទាញយកប្រយោជន៍ពីដំណើរវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនេះ៕