(ភ្នំពេញ)៖ សមាគមចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ហើយដែលបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមសង្កេតការណ៍លើដំណើរការប្រព្រឹត្តទៅនៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ជាគំរូសម្រាប់ប្រទេសក្នុងតំបន់។
សមាគមទាំងនោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានខិតខំរៀបចំដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ស្ថិតនៅក្នុងបរិយាកាសល្អប្រសើរ ទាំងក្នុងពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយគ្មានអំពើហិង្សា ឬ ការគំរាមកំហែងណាមួយឡើយ។
ក្នុងសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សមាគមទាំងនោះ បានបញ្ជាក់ឱ្យដឹងថា តំណាងរបស់សមាគមទាំង៦ ដែលបានទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតមួយចំនួន បានបង្ហាញនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរការនៃការបោះឆ្នោត និង យល់ឃើញថា «ប្រហែលជាគ្មានការបោះឆ្នោតណាទៀងត្រង់បំផុតដូចការបោះឆ្នោតនៅកម្ពុជា ដែលមាន ភាពត្រឹមត្រូវ គ្មានការលាក់លៀម គ្មានការកេងបន្លំ ព្រោះជាការបោះឆ្នោតដោយមានការសង្កេតការណ៍ពី ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោត ហើយការរាប់សន្លឹកឆ្នោតទៀតសោត គឺធ្វើនៅ ការិយាល័យផ្ទាល់តែម្ដង បានន័យថាព័ត៌មានបានមកស្តែងចេញលទ្ធផលឃើញទាំងអស់គ្នា គ្មាននរណាបន្លំ កើតទេ ហើយដល់លទ្ធផលបានមកឃើញទាំងអស់គ្នា»។
សមាគមទាំងនោះ បានលើកឡើងទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន១៧ និងមានការសង្កេតការណ៍ដោយបណ្ត ស្ថាប័ន-អង្គការ-សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្ត្រាលី និងរុស្ស៉ីជាដើម គឺពិតជាបានប្រព្រឹត្តទៅដោយរលូនក្នុង ស្ថានភាពសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាសស្ងប់ស្ងាត់ សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានហិង្សា និង ការគំរាមកំហែងនោះទេ ជាពិសេសប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ទី៥ នេះយ៉ាងច្រើនកុះករផងដែរ”។
សមាគមក្រៅប្រទេសទាំងនេះបានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោត ដែល មានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សនយោបាយទាំងអស់អាចចូលរួមដោយសេរី និងស្មើភាពក្នុងគ្រប់ ដំណើរការ និងស្របតាមក្របខណ្ឌច្បាប់។ ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោត មានការសាទរ និង បង្ហាញនូវឆន្ទៈរបស់ពួកគាត់ តាមរយៈការបោះឆ្នោតដោយសេរី និងសន្តិវិធី។ យើងខ្ញុំពុំឃើញមានសញ្ញាន ការបំភិតបំភ័យ និងអំពើហិង្សាណាមួយ នៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ដែលយើងបានសង្កេត ក្នុង កំឡុងពេលនៃការបោះឆ្នោតនេះ។ ហើយអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតដោយសេរី និងសោមនស្ស រីករាយ ក្នុងការជ្រើសរើសមេដឹកនាំឃុំ-សង្កាត់រៀងៗខ្លួន។
សមាគមទាំងនោះ ក៏បានសម្ដែងនូវការអបអរសាទរចំពោះពលរដ្ឋខ្មែរដែល បានចូលរួមពង្រឹងនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួន ដោយបានសម្តែងនូវឆន្ទៈតាមរយៈការចេញទៅ បោះឆ្នោតក្នុងចំនួនយ៉ាងច្រើនលើសលប់ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើស គ្រប់គ្រាន់និងការពារដោយប្រព័ន្ធបោះឆ្នោតសម្ងាត់។ ទន្ទឹមនេះ សមាគមក៏សូមវាយតម្លៃខ្ពស់ដល់កិច្ចខិតខំ ប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានធ្វើឱ្យការបោះឆ្នោតមួយនេះ ក្លាយជាគំរូមួយ សម្រាប់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ដោយធានាបាននូវការបោះឆ្នោតមួយដែល ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានការគំរាមកំហែង។
សមាគមបានសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដេជ្ញាចិត្តការពារនូវរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ក្នុងការរក្សាបាននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរៀបចំការបោះឆ្នោតដោយ ទៀងទាត់ និងប្រកបដោយសុវត្ថិភាព។ សមាគមចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក៏បានចូលរួមអបអរសាទរនូវជ័យជំនះដ៏ត្រចះត្រចង់របស់ពលរដ្ឋខ្មែរទាំងអស់ ដែលបានរួមចំណែករក្សា និងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕