(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមសម្របសម្រួល នៃអង្គការចែករំលែកសង្គ្រោះជីវិតសកល និងក្រុមការងារសម្របសម្រួលអង្គការចែករំលែកសង្គ្រោះជីវិតសកល បានថ្លែងអំណរគុណ ចំពោះ លោក Kim Jung Nam នាយកផ្នែកសហប្រតិបត្តិការ នៃអង្គការចែករំលែកសង្គ្រោះជីវិតសកល (President of Global life sharing cooperation) ដែលបានផ្តល់នូវសេចក្តីទុកចិត្តបរិច្ចាគជំនួយ មនុស្សធម៌ រួមមានបរិក្ខាពេទ្យ និងថ្នាំពេទ្យ សរុបជាទឹកប្រាក់ចំនួន ៨២៦,៥៤០ដុល្លារអាមេរិក ដើម្បីជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះលោក ជា ធីរិទ្ធ និងក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសសម្រាប់ក្រុមការងារលោក បានចូលរួមក្នុងកិច្ចមនុស្សធម៌ក្នុងសង្គមជាតិនៅពេលនេះ។ លោកសង្ឃឹមថា ជំនួយលើកនេះនឹងបានជាចំណែកតូចមួយ ក្នុងការចូលរួមចំណែកជាមួយព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា។
ការថ្លែងហអំណរគុណនេះ បានធ្វើឡើងខណៈលោកចូលរួមក្នុងពិធីប្រគល់-ទទួលទទួលអំណោយ ពីអង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) ដែលមានដូចជាៈ ថ្នាំពេទ្យ និងគ្រឿងសម្ភារៈ បរិក្ខាពេទ្យ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅព្រឹទ្ធសភាកម្ពុជា ក្រោមអធិបតីភាព លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ, អ្នកនាំពាក្យ និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ-រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងសមាជិក សមាជិកាគណៈកម្មការទី១០ និង គណៈកម្មការទី៨ នៃព្រឹទ្ធសភា , តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកល និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថិតនៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ជា ធីរិទ្ធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកពាក្យព្រឹទ្ធសភា និងលោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់គាំទ្រជួយសម្រួលគ្រប់លិខិតស្នាម ការដឹកជញ្ជូន រៀបចំកម្មវិធីទទួល និងផ្តល់អនុសាសន៍ល្អៗសម្រាប់កិច្ចការនេះ។
លោកបន្ថែមថា កិច្ចការនេះអាចដំណើរដោយជោគជ័យពេលនេះ ពិតជាមិនអាចខ្វះបាននូវការចូលរួមគាំទ្រ ពីគ្រប់សមាជិកទាំងអស់នៅក្នុងក្រុម ជាពិសេស Mr. Kim jin ho, Mr. Min Byong Jang, Mr Lee Chiho ជាដើម។
គួរបញ្ចាក់ថា ជំនួយដែលអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃម្ពុជានាពេលនេះ រួមមានបរិក្ខាពេទ្យ និងថ្នាំពេទ្យ ដែលសរុបជាទឹកប្រាក់ចំនួន ៨២៦,៥៤០ដុល្លារអាមេរិក ហើយអង្គការនឹងផ្តល់នូវជំនួយជាបន្តបន្ទាប់ទៀតជូនដល់ព្រឹទ្ធសភានាពេលខាងមុខ៕