(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំអំណោយស៊ីម៉ង់តិ៍ចំនួន១០តោន ជាអំណោយរបស់លោកស្រី ម៉ែន ស្រីពៅ និងក្រុមគ្រួសារ ប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែននៅតំបន់ភ្នំខ្មោច របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដើម្បីកសាងជំរុំជម្រកស្របពេលរដូវវស្សាចូលមកដល់។
នៅក្នុងឱកាសនេះដែរ លោក វុធ តារ៉ា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ម៉ែន ស្រីពៅ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានក៏ដូចជាគ្រួសារកងទ័ពទាំងអស់ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ និងសូមជូនពរ នាយនិងពលទាហានយើងសូមមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីចូលរួមចំណែកការពារជាតិ មាតុភូមិ ការពារប្រជាពលរដ្ឋរបស់យើងតទៅទៀត។
លោកអភិបាលស្រុកជាំក្សាន្ត បានថ្លែងបន្តទៀតថា អំណោយដែលនាំមកប្រគល់ជូននៅពេលនេះ ទោះបីតិចតួចក្តី តែបានបង្ហាញឱ្យឃើញពីការចូលរួមចំណែករបស់លោកស្រី ម៉ែន ស្រីពៅ និងក្រុមគ្រួសារ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្របតាមអនុសាសន៍ដ៍ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ និងការស្រឡាញ់ចំពោះកងទ័ពដែលឈរជើងការពារទឹកដី នៅតាមព្រំដែនរបស់យើងផងដែរ។
ក្នុងនាមអាជ្ញាធរស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកជាំក្សាន្ត លោក វុធ តារ៉ា ប្តេជ្ញានឹងបន្តរកជំនួយផ្សេងៗទៀតដូចជាថវិកា សម្ភារ តាមលទ្ធភាពដែលអាចធ្វើទៅបាន ពិសេសនឹងគៀងគរសប្បុរសជនផ្សេងៗ ដើម្បីចូលរួមចំណែកជួយសម្រាលការលំបាករបស់កងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន ក្នុងស្រុកជាំក្សាន្ត៕