(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ បានលើកឡើងថា ជំនួយមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) គឺពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវា សុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់, ជំងឺគ្រុនឈាម, ជំងឺកូវីដ-១៩។

លោកបន្តថា នេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត របស់ប្រជាជន និងជម្រុញការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសកម្មភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ហើយជំនួយមនុស្សធម៌នេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព សាមគ្គីភាពរវាង កម្ពុជា-កូរ៉េ ពិសេស រវាងព្រឹទ្ធសភាកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះអាយុជីវិតសកល។ លោកបានបញ្ជាក់ថា អំណោយខាងលើនេះ ព្រឹទ្ធសភានឹងប្រគល់ជូនដល់ដៃប្រជាជនងាយរងគ្រោះ នៅតាមបណ្តាខេត្តនានា ក្នុងភូមិភាគទាំង៨។

ការលើកឡើងរបស់ លោក ម៉ម ប៊ុននាង បានធ្វើឡើង នៅក្នុងពិធីប្រគល់-ទទួលអំណោយពីអង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) ដែលមានដូចជាៈ ថ្នាំពេទ្យ និងគ្រឿងសម្ភារៈ បរិក្ខាពេទ្យ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅព្រឹទ្ធសភាកម្ពុជា ក្រោមអធិបតីភាព លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ, អ្នកនាំពាក្យ និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ-រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងសមាជិក សមាជិកាគណៈកម្មការទី១០ និង គណៈកម្មការទី៨ នៃព្រឹទ្ធសភា , តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកល និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថិតនៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

ក្នុងឳកាសនោះ លោក ជា ធីរិទ្ធ តំណាងក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌ខាងលើ បានឱ្យដឹងថា ជំនួយដែលអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃម្ពុជា រួមមានបរិក្ខាពេទ្យ និងថ្នាំពេទ្យ ដែលសរុបជាទឹកប្រាក់ចំនួន ៨២៦,៥៤០ដុល្លារអាមេរិក ហើយអង្គការនឹងផ្តល់នូវជំនួយជាបន្តបន្ទាប់ទៀតជូនដល់ព្រឹទ្ធសភា នាពេលខាងមុខ ។

បន្ថែមពីលើនេះ លោក គីម ជីនហ៊ូ តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកលបានគូសបញ្ជាក់ថា អង្គការចែករំលែកសង្គ្រោះជីវិតសកល មានគម្រោងចុះអនុស្សារណជាមួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ស្តីពីការផ្តល់ជំនួយមនុស្សធម៌បន្ថែម សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារសហរដ្ឋអាមេរិក។ ជំនួយជាថ្នាំពេទ្យ និងបរិក្ខាពេទ្យនេះ អង្គការចែករំលែកសង្គ្រោះជីវិតសកល ក៏បានផ្តល់ឱ្យប្រទេសនានាចំនួន១០ផ្សេងទៀត ក្នុងនោះក៏មានប្រទេសអ៊ុយក្រែនផងដែរ។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងថា ពិធីប្រគល់-ទទួលអំណោយនេះ វាពិតជាមានអត្ថន័យបំផុតនៅក្នុងឆ្នាំនេះ ហើយក៏ជាថ្ងៃគម្រប់ខួបទី២៥ឆ្នាំ នៃការកកើតទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។

លោកបានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ជាពិសេសវិស័យសុខាភិបាល ការអភិវឌ្ឍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា «អ្វីពិសេសជាងនេះទៅទៀត គឺប្រទេសកម្ពុជា ជាដៃគូដ៏សំខាន់ក្នុងការទទួលបានជំនួយចំនួន ១៥០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ»។ ជំនួយទាំងអស់ រួមទាំងជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល មានគោលដៅសម្រាប់កាត់បន្ថយភាពក្រីក្រ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។

ជាមួយគ្នានោះលោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំង លោក សុខ សំណាង និងលោក ជា ធីរិទ្ធ ជាថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលកម្មវិធីជំនួយមនុស្សធម៌ខាងលើ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងកិច្ចសហការរៀបចំឱ្យមានកម្មវិធីជំនួយមនុស្សធម៌ដ៏មានសារៈប្រយោជន៍នេះឡើង។

គួរបញ្ជាក់ថា Global Life Sharing ជាអង្គការដែលជួយឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភលោក៕