(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឱ្យគ្រប់មណ្ឌលបោះឆ្នោតទាំង១១៨ការិយាល័យ នៅខេត្តកោះកុង គឺគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាមេឃុំចៅសង្កាត់ទាំង២៩។
តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកស្រី មិថុនា ភូថង បញ្ជាក់ថា «នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អំពីដួងចិត្តជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សជាជនកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការគាំទ្រ យ៉ាងភ្លុកទឹក ភ្លុកដី ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឃុំសង្កាត់ទាំង២៩ ក្លាយជាអ្នកនាំ គ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូន ប្រជាជន នៅតាមបណ្តាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ខាងមុខនេះម្តងទៀត»។
លោកស្រី មិថុនា ភូថង ក៏បានលើកឡើងថា ស្មារតីនៃការចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលនេះ លោកស្រីនឹងមានការចងចាំទុក មានការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជាមួយនឹងការគាំទ្រ ដ៏ច្រើនលើសលុប។
បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា តាមរយៈការផ្តល់នូវទំនុកចិត្តច្រើនបែបនេះពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមលោកស្រីជាអភិបាលខេត្ត នឹងខិតខំបន្ថែមទៀត ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែអម្អអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី បាន ស្រីមុំ ក៏បានបេ្តជ្ញាចិត្តជំរុញឱ្យមេឃុំ ចៅសង្កាត់ ដែលទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមផ្សេងបន្ថែម ទៀតជាដើម។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ៕