(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះជួយរបស់គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកពញាក្រែក ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ កើនឡើងចំនួន១៩អាសនៈ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរលោក វង សូត និងលោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅស្នាក់ការបក្សស្រុកពញាក្រែក នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

លោក វង សូត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃក្នុងការងារកន្លងមក បានបង្ហាញឲ្យឃើញពីការខិតខំរួមគ្នា របស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានស្រុកពញាក្រែក ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ឃុំនីមួយៗ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានស្រុកពញាក្រែក ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្សទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

បើតាមលោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាក្រែក បានឲ្យដឹងថា ជាលទ្ធផលក្នុងស្រុកពញាក្រែក នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ឃើញថាក្នុងទូទាំងស្រុក មានប្រជាពលរដ្ឋចំនួន ៧១,០០៤នាក់ ស្មើនឹង៨៤.០១ភាគរយ បានអញ្ជើញទៅបោះឆ្នោតចំនួន៨៧.៧៤ភាគរយ នៃចំនួនសមាជិកបក្សសរុប។

លោកបានបន្តថា ជាលទ្ធផលក្នុងទូទាំងស្រុកពញក្រែក គណបក្សប្រជាជនកម្ពុជា ទទួលបាន៧១/៨០អាសនៈ និងគ្រប់គ្រងតែណែងជាមេឃុំ និងជំទប់ទី១ នៅគ្រប់ឃុំទាំង៨ រីឯគណបក្សភ្លើងទៀន បាន៩/៨០អាសនៈ។

លោកបានបន្ថែមថា លទ្ធផលនេះបើធៀបនឹងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ឃើញថា សំឡេងគាំទ្រមានការកើនឡើងចំនួន១៧.៦៨៥សំឡេង រីឯអាសនៈ មានការកើនឡើងចំនួន ១៩អាសនៈ ក្នុងនោះ រួមមាន៖ ឃុំដូនតី កើនឡើង២អាសនៈ ឃុំកក់ កើន២អាសនៈ ឃុំកណ្ដោលជ្រុំ កើន៤អាសនៈ ឃុំកោងកាង កើន៣អាសនៈ ឃុំក្រែក កើន៣អាសនៈ ឃុំពពេល កើន១អាសនៈ ឃុំត្រពាំងផ្លុង កើន២អាសនៈ និងឃុំវាលម្លូរ កើន២អាសនៈ៕