(ស្វាយរៀង)៖ បន្ទាប់ពីមានសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋដែលខ្វះទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃនោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានប្រារព្ធពិធីសំណេះសំណាល និងប្រគល់អណ្តូងទឹកស្នប់សហគមន៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន៦កន្លែង ជូនប្រជាពលរដ្ឋចំនួន១៤៤គ្រួសារ ស្មើនឹងមនុស្ស៧៤៣នាក់ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។
អណ្តូងទឹកស្អាតទាំង៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានទីតាំងស្ថិតនៅឃុំថ្នាធ្នង់ ភូមិព្រែកពកចំនួន៤កន្លែង សម្រាប់ប្រជាពលរដ្ឋ៩៦គ្រួសារ និងឃុំបុសមនភូមិវាល ចំនួន២កន្លែង សម្រាប់ប្រជាពលរដ្ឋ ៤៨គ្រួសារ។
ដោយឡែកអណ្តូងស្នប់១កន្លែងទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានផ្តល់ជូនសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀននៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកពកផងដែរ។
នៅក្នុងពិធីប្រគល់អណ្តូងទឹកនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានផ្តល់អំណោយមនុស្សធម៌ជូន ដល់ប្រជាពលរដ្ឋដែលមកចូលរួមចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ធុងទឹកជ័រចំណុះ៤៥លីត្រ១ និងផ្តិលជ័រ១ រីឯសិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក ចំនួន២៣៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច២ដើម កូល័រ២ដើម ខ្មៅដៃ១ដើម និងថវិកា ២,០០០រៀល។ ដោយឡែក លោកគ្រូ-អ្នកគ្រូ ៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល ផងដែរ៕