(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។

សេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

ដោយឡែក មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃ ផ្ទុយពីការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឱ្យយល់ខុស មកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ គ.ជ.ប បានធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា យោងមាត្រា ៣០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៥.៦.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា «ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»

អ្នកនាំពាក្យ គ.ជ.ប បន្ថែមថា ជនទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង មានដូចខាងក្រោម៖

* មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត
* ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
* ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់។

តាមគោលការណ៍នៃច្បាប់ស្ដីពីការបោះឆ្នោត គឺ គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញនៅថ្ងៃបោះឆ្នោត។ គ.ជ.ប នឹងរង់ចាំទទួលដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប។

គ.ជ.ប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការតាំងពីចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតរហូតបញ្ចប់ការបោះឆ្នោត ព្រមទាំងបានធ្វើការវាយតម្លៃចំពោះដំណើរការបោះឆ្នោតនេះប្រកបដោយសច្ចធម៌។

«សូមប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងរង់ចាំ គ.ជ.ប ធ្វើការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅពេលខាងមុខជាបន្តទៀត រហូតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីចូលកាន់តំណែង ដើម្បីអភិវឌ្ឍឃុំ សង្កាត់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប ៕