(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់តំណាង OHCHOR) ថ្មី ប្រចាំកម្ពុជា ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបនឹងបញ្ចប់ ធ្វើឡើងដោយភាពត្រឹមត្រូវ សេរីពហុបក្ស ផ្តល់សិទ្ធិជូនប្រជាពលរដ្ឋជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈពិតរបស់ពួកគាត់។

ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងាររវាងលោក និងលោកស្រី រួអេដា អិល ហាច តំណាងប្រចាំនៅកម្ពុជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHOR) ថ្មី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងគណៈកម្មាធិការសិទ្ធិមនុស្សយើងអបសាទរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានពុហបក្ស ដែលមានគណបក្សច្រើនចូលរួម ជាជម្រើសមួយដែលផ្តល់ជូន ប្រជាពលរដ្ឋ លោកបានសិទ្ធិជ្រើសរើសយកគណបក្សណាដែលខ្លួនស្រឡាញ់ តាមរយៈនៃការផ្តល់សេចក្តីទុកចិត្តជ្រើសរើសមេដឹកនាំនៅមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្លួនឯងនៅមូលដ្ឋាននេះជារឿងមួយដែលល្អ»។

បើតាមលោក កែវ រ៉េមី បានឱ្យដឹងថា ការបោះឆ្នោតលើកនេះ មានចូលរួមពីតំណាងគណបក្សច្រើន និងមានគណបក្សផ្សេងទទួលបានអសនៈនៅតាមមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋមានតំណាងរបស់ខ្លួនទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងៗនេះ គឺជាសេរីពហុបក្សមួយដែលបានផ្តល់ជម្រើជូនប្រជាពលរដ្ឋ។

«ហើយការបោះឆ្នោតដោយឆន្ទៈ ដែលខ្លួនស្រឡាញ់គឺល្អមែនទែន វាប្រសើរជាងមានគណបក្សមួយ ហើយត្រូវតែបង្ខំចិត្តទៅបោះឱ្យគណបក្សដែលខ្លួនមិនពេញចិត្ត ហើយនៅតែទៅបោះ ដូច្នេះ សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្ស យល់ថាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ត្រូវបានធានាក្នុងការបោះឆ្នោតជ្រើសរើស៥ឆ្នាំម្តង»។ នេះជាលើកឡើងបន្ថែមរបស់លោក កែវ រ៉េមី។

បន្ថែមពីនេះ លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ អ្នកសារព័ត៌មាន អង្គការសង្គមស៉ីវិល ដែលចំណុចនេះ ជាភ្នែកច្រមុះ យ៉ាងសំខាន់ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ។

បើតាមលោក កែវ រ៉េមី បានបញ្ជាក់ថា តំណាង OHCHOR ថ្មី ថានឹងមានការសហការគ្នាជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស ដើម្បីចូលរួមគ្នាផ្តោតទៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់សិទ្ធិឱ្យអ្នកសង្កេតការណ៍ជាតិមកពីអង្គការ សមាគមរហូតដល់ជាង ៧ម៉ឺននាក់ ចូលរួមសង្កេតដំណើរការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹកឆ្នោត។ ក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃការសង្កេតនេះ តំណាងអ្នកសង្កេតការណ៍នានា សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនោះ ជាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី តម្លាភាព យុត្តិធម៌ និងគ្មានការគំរាមកំហែងអ្វីទាំងអស់៕