(ភ្នំពេញ)៖ គណបក្សខ្មែរស្រលាញ់ជាតិ ដែលបង្កើតឡើងដោយក្រុមប្រឆាំង ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួននឹងគោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងឆន្ទៈរបស់ប្រជាពលរដ្ឋ ក្រោយការបោះឆ្នោត។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនានេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការកត់សម្គាល់ជុំវិញ ដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅអាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៣ចំណុចដូចជា៖

១៖ ប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងសារៈសំខាន់នៃការបោះឆ្នោត និងបានទៅ ចូលរួមបោះឆ្នោតដោយស្មារតីទទួលខុសត្រូវ។

២៖ ដំណើរការបោះឆ្នោតមានការល្អប្រសើរ ទាំងមន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជនគណបក្ស ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ឆ្នោតមានភាពចាស់ទុំជាងអាណត្តិមុនៗ។

៣៖ ចំពោះឥរិយាបទរបស់អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែមិនផ្លាស់ប្ដូរទំលាប់មិនគោរពច្បាប់, បទបញ្ជនិងនីតិវិធី និងសេចក្ដីណែនាំនានាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់របស់ គ.ជ.ប ដោយនៅតែមិនបានអនុវត្តតួនាទីភារកិច្ចប្រកបដោយអព្យាក្រឹតភាពដដែលៗ។

គណបក្សខ្មែរស្រឡាញ់ជាតិ សូមប្រកាសគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី និងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕