(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រ និងទទួលយកលទ្ធផលការបោះឆ្នោត ទោះបីជាមិនបានអាសនៈក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទៅ៧ ខែមិថុនានេះ។
ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័ន គ.ជ.ប មានការទំនាក់ទងល្អ បានផ្ដល់ព័ត៌មាន និង ឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្សនយោបាយ។ ប៉ុន្តែ មន្ត្រី គ.ជ.ប ថ្នាក់មូលដ្ឋានមានការខ្វះចន្លោះខ្លះ និង ពិបាកទំនាក់ទងគ្នាខ្លះនៅតាមកន្លែងខ្លះ។
គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា មន្ត្រីអាជ្ញាធរថ្នាក់ជាតិ ដែលពាក់ព័ន្ធកិច្ចការងារនយោបាយមានការយល់ដឹងខ្ពស់ និងមានការបើកចំហទូលំទូលាយដល់គ្រប់គណបក្សនយោបាយក្នុងការប្រកួតប្រជែងគ្នា។ ប៉ុន្តែមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ មានមន្ត្រីថ្នាក់ស្រុក និងថ្នាក់ឃុំខ្លះមានការរឹតបន្តឹង និង គំរាមកំហែងខ្លះៗនៅតាមតំបន់មួយចំនួន។ ប៉ុន្តែមិនមានការប្រើប្រាស់ហិង្សា និងមិនមានឃាតកម្មនយោបាយណាមួយកើតឡើងទេ។
«យោងតាមហេតុផលជាក់ស្តែងនេះ ទោះបីមានការខ្វះចន្លោះខ្លះ ក៏គណបក្សឯកភាពជាតិខ្មែរ សូមគាំទ្រ និងទទួលយកនូវលទ្ធផលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ»។ នេះបើតាម សេចក្តីថ្លែងការណ៍ដដែល។
ជាមតិចុងក្រោយ គណបក្សឯកភាពជាតិខ្មែរ បានអបអរសាទរដល់គ្រប់គណបក្សនយោបាយដែលបានឈ្នះឆ្នោតទទួលអាសន:ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ ហើយគណបក្សឯកភាពជាតិខ្មែរសង្ឃឹមគ្រប់គណបក្សនយោបាយ ដែលទទួលបានក្រុមប្រឹក្សាឃុំ/សង្កាត់នឹងបំរើពលរដ្ឋដោយយកចិត្តទុកដាក់ អភិវឌ្ឍឃុំ/សង្កាត់ អនុវត្តច្បាប់ និង ផ្ដល់សិទ្ធិសិរីភាពដល់ពលរដ្ឋតាមច្បាប់ជាធរមាន៕