(ភ្នំពេញ)៖ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ថ្មីៗនេះ បានរៀបចំកម្មវិធីបង្កើតទំនាក់ទំនងលើកទី២ (2nd NICC Networking Day) ដើម្បីជំរុញការសន្ទនា និងបង្កើតនិងបង្កើនទំនាក់ទំនងធុរកិច្ចសក្តានុពលក្នុងចំណោមវិនិយោគិន និងអ្នកចាប់ផ្តើមអាជីវកម្មថ្មី នៅក្នុងប្រព័ន្ធអេកូឡូស៉ីសហគ្រិននៅកម្ពុជា។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានអ្នកចូលរួមជាង ៦០នាក់ រួមមានធុរកិច្ចថ្មី អ្នកជំនាញឧស្សាហកម្មបច្ចេកវិទ្យា វិនិយោគិន និងមន្ត្រីរាជរដ្ឋាភិបាល។

លោក Rho Hyunjun នាយក KOICA ប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើការជួយគាំទ្រដល់ប្រទេសកម្ពុជា លើវិស័យអាទិភាពចំនួនបួន ដែលក្នុងនោះរួមបញ្ជូលវិស័យអប់រំផងដែរ។ ក្រោមប្រធានបទសំខាន់នេះ NICC ត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ការបង្កើត និងការរីកចម្រើននៃធុរកិច្ចថ្មី ដែលផ្តោតលើបច្ចេកវិទ្យា ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិត។

លោកសង្ឃឹមថា កម្មវិធីនេះនឹងក្លាយទៅជាស្ពានសម្រាប់អ្នកចូលរួមទាំងអស់ (ធុរកិច្ចថ្មី អ្នកជំនាញ ឧស្សាហកម្ម វិនិយោគិន មន្រ្តីរដ្ឋាភិបាល) ស្វែងរកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីធ្វើការរួមគ្នានាពេលខាងមុខ។

លោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងលោក ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ថា NICC មិនមែនបង្កើតឡើងសម្រាប់តែ RUPP ប៉ុណ្ណោះទេ។ ប៉ុន្តែសម្រាប់និស្សិត សហគ្រិន ធុរកិច្ចថ្មី និងសហគមន៍ ទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅមុខកាន់តែលឿន និងសមិទ្ធិផលដ៏ប្រសើរយើងត្រូវការកិច្ចសហការយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបណ្ឌិត ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបន្ថែមថា កម្មវិធីនេះ គឺដើម្បីនាំយកវិស័យរដ្ឋាភិបាល ធុរកិច្ចថ្មី អ្នកជំនាញ និងវិនិយោគិន ឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។

សូមជម្រាបថា អគារ NICC មានទីតាំងសិ្ថតនៅក្នុង RUPP អគារនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣នេះ។ NICC នឹងក្លាយជាទីតាំងបម្រើវិស័យធុរកិច្ច ចំពោះរាល់ធុរជន និងសាធារណជនគ្រប់ទីកន្លែងដែលមានបំណងប្រឡូកចូលក្នុងវិស័យធុរកិច្ច៕