(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកស្ដីពី សុវត្ថិភាពចំណីអាហារ ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសេីរឡេីង (Safer food, Better health)»។
តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ទៅលើការបរិភោគចំណីអាហារ ធ្វើការផ្គត់ផ្គង់នូវម្ហូបអាហារនេះជូនទៅដល់ក្រុមគ្រួសារ ជាពិសេសមាតា បិតា អាណាព្យាបាល។
លោកស្រីបន្ដថា ការចិញ្ចឹមបីបាច់កូនចៅ ក៏ត្រូវអនុវត្តឲ្យបានល្អត្រឹមត្រូវនូវសុវត្ថិភាពអនាម័យ ចំណីអាហារឲ្យបានល្អ ជៀសវាងប្រើប្រាស់ម្ហូបអាហារហួសសុពលភាព ឬអាហារដែលមិនមានសុវត្ថិភាព ឬអាហារដែលទុកយូរនឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកស្រី ឱ វណ្ណឌីន បានអះអាងថា ការអនុវត្តអនាម័យដៃ គឺសំខាន់បំផុត មុនទទួលទានអាហារ ដូច្នេះមាតា បិតា ឬអាណាព្យាបាល ត្រូវណែនាំកូនចៅរបស់ខ្លួនត្រូវលាងសម្អាតដៃឲ្យបានស្អាត ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់ម្ហូបអាហារមកបរិភោគ។
ម្យ៉ាងវិញទៀត អ្នកដែលចម្អិនម្ហូបអាហារ ក៏ត្រូវរក្សាឲ្យបាននូវអនាម័យដោយលាងសម្អាតនូវម្ហូបអាហារ ឬវត្ថុធាតុដើមសម្រាប់ចម្អិត ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគ្នារវាងបន្លែ ត្រី សាច់ជាដើម។ ដោយឡែក ចាន កាំបិត ជ្រុញ ត្រូវសម្អាតឲ្យស្អាតជាប្រចាំ ហើយម្ហូបអាហារត្រូវចម្អិតឲ្យបានឆ្អិនល្អ និងត្រូវបែងចែកម្ហូបអាហារកុំឲ្យច្របូកច្របល់គ្នា ហើយមិនត្រូវទុកយូរពេកនោះទេ។
សូមស្ដាប់ខាងលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖