(ភ្នំពេញ)៖ សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយអះអាងថា លទ្ធផលនៃការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។
សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៦ ខែមិថុនានេះ បញ្ជាក់ថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានទទួល ការអនុញ្ញាតពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះអង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបានចាត់បញ្ជូនសមាជិក សមាជិកា ចំនួន ៥៩នាក់ (ស្រី ២៨នាក់) របស់សមាគម ដើម្បីចុះសង្កេតការណ៍ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត
កណ្តាល កោះកុង ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ។
សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា «តាមរយៈការវាយតម្លៃ ឈរលើលទ្ធផលនៃការបូកសរុបរបាយការណ៍របស់សមាជិក សមាជិកា ដែលបានចុះអង្កេតការណ៍ផ្ទាល់នៅតាមបណ្តាការិយាល័យបោះឆ្នោតក្នុងរាជធានី និងខេត្ត ខាងលើ សមាគមសហព័ន្ធ សិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាចធ្វើការសន្និដ្ឋានប្រកបដោយការជឿជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ត្រូវបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រមទាំងស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ដែលនាំឱ្យលទ្ធផលនៃការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ»។
ទន្ទឹមនឹងនេះ សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការ និងបរិយាកាសនៃការឃោសនាបោះឆ្នោត, ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោតបានយ៉ាងងាយស្រួល និងឆាប់រហ័ស រួមទាំងមានការចូលរួមយ៉ាងសកម្មក្នុងការអង្កេតការណ៍របស់ភ្នាក់ងារគណបក្សនយោបាយពាក់ព័ន្ធ ដែលត្រូវបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ព្រមទាំងមានការចូលរួមយ៉ាងផុលផុស និងដោយសេរី ដែលបង្ហាញនូវភាពកាន់តែចាស់ទុំ និងភាពអាចទុកចិត្តបាននៃដំណើរការប្រជាធិបតេយ្យនីយកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតឱកាសនេះ សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សូម
អរគុណដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ .ជ.ប) ដែលបានខិតខំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ បានយ៉ាងល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕