(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជាតិ ដែលបានចូលរួមសង្កេត និងតាមដានលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានមើលឃើញថា ការបន្លំសន្លឹកឆ្នោត ឬដោះដូរសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត មិនអាចធ្វើទៅបាននោះឡើយ។

លោក នង ប៊ុនថេង ជាអ្នកសង្កេតការណ៍មួយរូបមកពីអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា។ លោក នង ប៊ុនថេង មិនធ្លាប់បានចូលរួមសង្កេតដំណើរការបោះឆ្នោតកាលពីអាណត្តិមុនៗនោះឡើយ។ ដោយសារមើលឃើញថា ការបោះឆ្នោតអាណត្តិកន្លងទៅ តែងតែមានចោទប្រកាន់ទៅលើដំណើរការបោះឆ្នោតថាមិនត្រឹម មិនយុត្តិធម៌ មានការលួចបន្លំសន្លឹកឆ្នោតជាដើម ពីសំណាក់គណបក្សចាញ់ឆ្នោតនោះ លោក នង ប៊ុនថេង ក៏បានសម្រេចចិត្តដាក់ពាក្យចូលជាអ្នកសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា ក្នុងអាណត្តិទី៥នេះ។

ក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលលើការសង្កេតដំណើរការបោះឆ្នោត ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក នង ប៊ុនថេង បានឱ្យដឹងថា លោកបានពង្រាយសមាជិកមកពីអង្គការរបស់លោកឱ្យសង្កេតលើដំណើរការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ហើយជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍ថែមទៀតផង។

លោក នង ប៊ុនថេង បានរៀបរាប់ថា ក្នុងនាមជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍រូបលោក ក៏ដូចជាសមាជិករបស់លោក បានតាមដានដំណើរការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា យ៉ាងយកចិត្តទុកដាក់បំផុតចាប់តាំងពីដំណាក់កាលរៀបចំមណ្ឌលបោះឆ្នោត រៀបចំការិយាល័យបោះឆ្នោត ដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការទុកដាក់សន្លឹកឆ្នោត។

លោក នង ប៊ុនថេង បានគូសបញ្ជាក់ថា «ខ្ញុំសង្កេតឃើញថា គ.ជ.ប បានរៀបចំនីតិវិធីច្បាប់ទម្លាប់របស់គាត់បានល្អណាស់»

អ្នកសង្កេតការណ៍ដែលផ្តោតសំខាន់ទៅលើភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត និងជាភ្នែកច្រមុះឱ្យម្ចាស់ឆ្នោតនោះ បានកោតសរសើរការរៀបចំការបោះឆ្នោតនេះ ដែលមានតម្លាភាព សេរី និងយុត្តិធម៌។ លោកបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋបានទៅបោះឆ្នោតក្នុងចំនួនច្រើន ហើយទៅបោះឆ្នោតដោយទឹកមុខរីករាយ។ លោកបានលើកឡើងតាមរយៈស្នាមញញឹមលើកទឹកមុខរបស់អ្នកបោះឆ្នោត គឺបង្ហាញថា អ្នកបោះឆ្នោតមានភាពរីករាយជាមួយការបោះឆ្នោត ហើយបោះឆ្នោតដោយគ្មានសម្ពាធផ្លូវចិត្ត ឬការបង្ខិតបង្ខំណាមួយនោះឡើយ។

ឆ្លើយតបនឹងការចោទប្រកាន់របស់គណបក្សនយោបាយចាញ់ឆ្នោតមួយចំនួនដែលដាក់ការសង្ស័យថា មានការលួចបន្លំសន្លឹកឆ្នោតនោះ លោក នង ប៊ុនថេង បានអះអាងថា វាជារឿងមិនអាចធ្វើទៅរួចនោះឡើយ។ មិនអាចធ្វើទៅរួច ក៏ដោយសារនីតិវិធីដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសំណាញ់ការពារភាពត្រឹមត្រូវនោះញឹកមែនទែន។ តាមការិយាល័យបោះឆ្នោតនីមួយៗ បានដាក់មន្ត្រីរៀបចំការបោះឆ្នោត៦រូប បន្ថែមពីលើនោះមានការឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយចូលរួមប្រកួតប្រជែង និងអ្នកសង្កេតការណ៍មកអង្គការក្រៅរដ្ឋាភិបាលនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់។

លោក នង ប៊ុនថេង បានបញ្ជាក់ដូច្នេះ «វាសេរី និងយុត្តិធម៌ណាស់។ ហេតុអ្វីទៅ? នៅពេលខ្ញុំសង្កេតដោយមិនបានចេញទៅណាសូម្បីតែមួយភ្លែតនោះ។ យើងបានចូលរួមរាប់មួយសន្លឹកម្តងយ៉ាងម៉ត់ចត់ ទាល់តែមានការឯកភាពគ្នា បង្ហាញទៅអ្នកសង្កេតការណ៍ទាំងអស់ ទាំងតំណាងគណបក្សអីហ្នឹង យល់ព្រមជាមួយគ្នារាប់ចុងក្រោយទៅចប់សព្វគ្រប់»។

លោក នង ប៊ុន បញ្ជាក់បន្ថែមថា «ខ្ញុំធុញទ្រាន់នឹងការចោទប្រកាន់គ្នា យើងខ្មែរដូចគ្នា។ ខ្ញុំដង់ដឹងថា ការចោទប្រកាន់ហ្នឹងត្រឹមត្រូវទេ? មិនគួរទេ មិនអាចទៅរួចទេ ព្រោះភ្នែកយើងច្រើនណាស់អ្នកសង្កេតការណ៍៤ ទៅ៥នាក់នៅហ្នឹង បូករួមទាំងមន្ត្រី គ.ជ.ប ៦នាក់ទៀត ដែលគាត់ធ្វើការដោយមិនគិតនិន្នាការគណបក្សនោះទេ ធ្វើយ៉ាងម៉េចឱ្យការងាររបស់គាត់ជោគជ័យដោយរលូន»

សូមបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់សិទ្ធិឱ្យអ្នកសង្កេតការណ៍ជាតិមកពីអង្គការ សមាគមរហូតដល់ជាង ៧ម៉ឺននាក់ ចូលរួមសង្កេតដំណើរការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹកឆ្នោត។ ក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃការសង្កេតនេះ តំណាងអ្នកសង្កេតការណ៍នានា សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនោះ ជាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី តម្លាភាព យុត្តិធម៌ និងគ្មានការគំរាមកំហែងអ្វីទាំងអស់៕