(ភ្នំពេញ)៖ លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សរបស់លោក ទទួលយកអាសនៈទាំងអស់ ដែលគណបក្សទទួលបាន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ។
លោក ស៊ុន ឆ័យ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែតមួយ នៅរសៀល ថ្ងៃទ០៦ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីអាទិត្យ កន្លងទៅ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានបិទបញ្ចប់ កាលពីម៉ោង៣រសៀល ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយមានពលរដ្ឋប្រមាណ៨០.១៩ភាគរយ ក្នុងចំណោមពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ព័ត៌មានបឋមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខគេ នៅស្ទើរគ្រប់បណ្តាឃុំសង្កាត់ ដែលអាចនឹងគ្រប់គ្រងឃុំសង្កាត់ប្រមាណ ១៦៤៨ ក្នុងចំណោម១៦៥២ ឃុំ/សង្កាត់ ទូទាំអប្រទេស ខណៈដែលគណបក្សភ្លើងទៀន អាចនឹងគ្រប់គ្រង៤ឃុំ/សង្កាត់ និងទទួលបានអាសនៈមួយចំនួន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានវាយតម្លៃដោយក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិថា ដំណើរការទៅដោយរលូន សេរី តម្លាភាព និងយុត្តិធម៌ ព្រមទាំងមិនមានអំពើហិង្សា និងការប៉ះទង្គិចនោះទេ៕