(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់ នៅតាមមណ្ឌលនីមួយៗ ក្រុមអ្នកសង្កេតការណ៍ជាតិ បានធ្វើការវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

ក្រុមអ្នកសង្កេតការណ៍ជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ក៏បានចេញមកអះអាងដែរថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប រហូតដល់ប្រមាណ៨០ភាគរយ ដោយឆន្ទៈយ៉ាងពិតប្រាកដ ហើយគ្មានការបង្ខិតបង្ខំ បំភិតបំភ័យ ឬការគាប់សង្កត់ណាមួយនោះឡើយ។

តំណាងអង្គការសមាគមដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនេះ ក៏បានច្រានចោលចំពោះការចោទប្រកាន់ប្រាសចាកពីការពិត របស់គណបក្សភ្លើងទៀនដែលថា ប្រជាពលរដ្ឋត្រូវគេតាមដាន គាប់សង្កត់ សំឡុត គំរាមកំហែង អំឡុងពេលដំណើរការបោះឆ្នោត។

លោក ទុំប៉ែន នរៈវិទូ ប្រធានអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានមើលឃើញថា ការលើកឡើងរបស់គណបក្សភ្លើងទៀន គ្រាន់តែជាសិទ្ធិរបស់គេ ប៉ុន្ដែធាតុពិតនៅតាមគោលដៅដែលក្រុមការងាររបស់លោក និងលោកចូលរួមសង្កេតការណ៍មិនមានបាតុភាពខុសប្រក្រតីណាមួយ ដូចជាការបំភិតបំភ័យ ឬការគាប់សង្កត់ពីអាជ្ញាធរនោះឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំអ្នកសង្កេតការណ៍នៅមណ្ឌលខេត្តកែប ការបំភិតបំភ័យអីនេះ សម្រាប់ខ្ញុំដូចជាគ្មានទេ ព្រោះក្នុងច្បាប់គ.ជ.ប មានដាក់សន្ដិសុខ សណ្ដាប់ធ្នាប់ មានអ្នកតាមដានមើល ហើយអ្នកសង្កេតការណ៍ក៏មានក្របសីលធម៌ត្រឹមត្រូវ ដូច្នេះគ្មានអ្វីជាការបំភិតបំភ័យនោះទេ ប្រជាពលរដ្ឋទៅបោះឆ្នោតសប្បាយរីករាយ សើចសប្បាយ។ ការលើកឡើងនេះ គ្មានទឡ្ហិករច្បាស់លាស់»

មិនខុសពីការលើកឡើងខាងលើនេះ លោក សុខុម បូរិន តំណាងសហព័ន្ធនិស្សិតបញ្ញវ័ន្ដប្រជាធិបតេយ្យកម្ពុជា បានអះអាងដូចគ្នាថា ការបោះឆ្នោតនៅកម្ពុជា ពីអាណត្តិមួយទៅអាណត្តិមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតែមានការរៀបចំ និងកែលម្អប្រសើរ ហើយអាជ្ញាធរក៏បានជួយសម្របសម្រួលដល់ដំណើរការនៃការបោះឆ្នោតបានរលូតផងដែរ តាំងពីយុទ្ធនាការឃោសនា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

ជាអ្នកដែលមានសមាជិក អ្នកសង្កេតការណ៍របស់ខ្លួននៅទូទាំង២៥រាជធានី-ខេត្ត និងបានសាកសួររៀងរាល់ម៉ោងនៅពេលបោះឆ្នោត លោកបានច្រានចោលចំពោះការលើកឡើងរឿងប្រជាពលរដ្ឋត្រូវបានបំភិតបំភ័យ។ ចំពោះការចោទប្រកាន់ទៀតថា មេភូមិ មេឃុំ ឬអាជ្ញាធរទៅគំរាមកំហែងប្រជាជននោះ ក៏មិនមានព័ត៌មានណាមួយជាក់លាក់ ដែលចេញពីមូលដ្ឋានណាមួយនោះឡើយ។

លោកបានបញ្ជាក់បែបនេះថា «ខ្ញុំបានទាក់ទងសួរព័ត៌មានដោយផ្ទាល់ ដែលមានក្រុមការងារប្រចាំការតាមទូរស័ព្ទដោយសួរផ្ទាល់ទៅកាន់សមាជិកកែវភ្នែកយុត្តិធម៌ទាំងអស់ ពាក់ព័ន្ធសកម្មភាព គឺមិនមានសកម្មភាពណាបំភិតបំភ័យនៅតំបន់ណាមួយឡើយ។ ចំណែកការចោទប្រកាន់ថា មេភូមិ មេឃុំ ឬអាជ្ញាធរទៅគំរាមកំហែងប្រជាជននោះ ក៏មិនមានព័ត៌មានណាមួយជាក់លាក់ ដែលចេញពីមូលដ្ឋានណាមួយដែរ គឺមានតែចេញពីគណបក្សដែលគាត់ចោទប្រកាន់ប៉ុណ្ណោះ»

បន្ថែមពីនេះ លោកបានមើលឃើញថា ការចោទប្រកាន់នេះ មិនមែនជារឿងអ្វីដែលថ្មីនោះទេ ពោលជារៀងរាល់អាណត្តិ គឺគណបក្សដែលចាញ់ឆ្នោតតែងតែស្រែកថា មានការលួចបន្លំសន្លឹកឆ្នោត។ លោកថា នៅពេលគណបក្សបាញ់ឆ្នោតមិនស្រែកអ្វីសោះទើបជារឿងចម្លែក ប៉ុន្ដែនៅពេលគាត់ចោទប្រកាន់បែបនេះ មិនមែនជារឿងចម្លែកនោះទេ។

ក្រៅពីអ្នកសង្កេតការណ៍បោះឆ្នោតជាតិ ដែលធ្វើការវាយតម្លៃហើយនោះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។ ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕