(ភ្នំពេញ)៖ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយក UPF និងជាអគ្គនាយក THINK TANK 2022 (វេទិកាស្ថាប័នស្រាវជ្រាវ ២០២២) ដែលជាវេទិកាសង្គមស៊ីវិលមួយ នៃសហភាពសហព័ន្ធសន្តិភាពសកល (Universal Peace Federation) ដែលប្រមូលផ្ដុំដោយមេដឹកនាំពិភពលោក បានវាយតម្លៃថា ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា ប្រព្រឹត្តដោយជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្ដង់ដារអន្តរជាតិ។
លោកបណ្ឌិតបានបន្តថា ការបោះឆ្នោតនេះបានបង្ហាញថា កម្ពុជាមានបទពិសោធន៍ចាស់ទុំ ក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។
លោកបណ្ឌិត យុន យ៉ុងហូ បានឱ្យដឹងថា ក្រុមប្រតិភូបានកត់សម្គាល់ឃើញថា គណបក្សនយោបាយទាំង១៧ បានចុះឈ្មោះជាមួយគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) NEC ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់នេះ បានឆ្លុះបញ្ចំងពីការចូលរួមដ៏រស់រវើកនៅក្នុងដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស អនុលោមតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ពេញមួយរយៈកាលនៃយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ សនិ្តភាព តម្លាភាព សេរី និងត្រឹមត្រូវយុត្តិធម៌ ដោយមិនមានការគំរាមកំហែង ឬភាពមិនប្រក្រតីណាមួយត្រូវបានកត់សម្គាល់នោះទេ។
តាមរយៈសេចក្តីថ្លែងការណ៍ ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត យុន យ៉ុងហូ បានវាយតម្លៃយ៉ាងដូច្នេះថា៖ «ក្រុមប្រតិភូមានទស្សនយល់ឃើញថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងបរិយាកាសសុវត្ថិភាព និងអនុលោមតាមការអនុវត្ត និងស្ដង់ដារអន្តរជាតិ។ ការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះបានបង្ហាញថាកម្ពុជាមានបទពិសោធន៍ ចាស់ទុំ ក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ»។
លោកបណ្ឌិត យុន យ៉ុងហូ បានបញ្ជាក់ថា ឈរលើមូលដ្ឋានបទពិសោធន៍ជាក់ស្ដែង នៅថ្ងៃបោះឆ្នោត ក្រុមប្រតិភូសូមផ្ដល់នូវការវាយតម្លៃរបស់ពួកយើងពីដំណើរការបោះឆ្នោតដូចខាងក្រោម៖
*តាមរយៈការចុះអង្កេតនៅតាមការិយាល័យបោះឆ្នោតជាច្រើន នៅមុនម៉ោងការបោះឆ្នោតចាប់ផ្ដើម ក្រុមប្រតិភូបានសង្កេតឃើញនូវដំណើរការការរៀបចំយ៉ាងល្អ ខណៈបុគ្គលិក NEC បានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងសុចរិតភាព។
*តាមរយៈការអង្កេតលើដំណើរការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតជាច្រើននៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញ និងជាយរាជធានី ក្រុមប្រតិភូបានកត់សម្គាល់ឃើញថាគ្រប់អាជ្ញាធរកម្ពុជាពាក់ព័ន្ធបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់នូវបរិយាកាសអំណោយផលដល់គ្រប់គណបក្សនយោបាយ អាចចូលរួមក្នុងការបោះឆ្នោត ផ្អែកលើគោលការណ៍ស្មើភាព តម្លាភាព សេរី និងយុត្តិធម៌ ជាពិសេស គឺអាចបញ្ចៀសបាននូវឧប្បត្តិហេតុធំៗដែលអាចបំផ្លាញ ដល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ។
ទាក់ទង់នឹងចំណុចនេះ លោកថា ក្រុមប្រភិភូនៃវេទិកាស្ថាប័នស្រាវជ្រាវ ២០២២ សូមកោតសរសើរដល់ប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោត ដែលបានអនុវត្តសិទ្ធិរបស់ពួកគេយ៉ាងសកម្ម ក្នុងការបោះឆ្នោត ព្រមទាំងគណបក្សនយោបាយទាំងអស់សម្រាប់ការប្ដេជ្ញាចិត្តរបស់ពួកគេ គោរពច្បាប់ និងបទបញ្ញត្តិនានា និងអាជ្ញាធរពាក់ព័ន្ធសម្រាប់ការធានាការប្រព្រឹត្តទៅដោយសន្តិភាពនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
លោកបណ្ឌិត យុន យ៉ុងហូ បានបន្ថែមថា ក្រុមប្រតិភូ មើលឃើញពីជោគជ័យនៃការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ ជាសក្ខីកម្មមួយទៀតបង្ហាញពីភាពរីកចម្រើននៃប្រជាធិបតេយ្យ របស់កម្ពុជា ហើយការលទ្ធផលបោះឆ្នោតពិតជាឆ្លុះបញ្ចាំងពីឆន្ទៈនៃប្រជាជនកម្ពុជា៕