(ភ្នំពេញ)៖ តាមរយៈសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ប្រតិភូមហាសន្និបាតអន្ដរសភាអាស៊ាន (AIPA) បានអះអាងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ដែលទើបបញ្ចប់នេះ គ្មានសកម្មភាពណាមួយដែលជាការគំរាមកំហែង សម្លុត ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន AIPA បានបញ្ជាក់បែបនេះថា «ក្រុមប្រតិភូបានអង្កេតឃើញថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងសន្តិភាព។ ក្រុមប្រតិភូ ក៏មិនបានពើបប្រទះការសម្លុត គំរាមកំហែង ឬអំពើហិង្សា កំលុងការសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោត នោះឡើយ»។
AIPA បានបន្ថែមទៀតថា ដោយផ្អែកលើការទទួលបានព័ត៌មាននៅមុន និងកំលុងការបោះឆ្នោត ប្រតិភូនីមួយៗយល់ថា នីតិវិធីបោះឆ្នោតបានប្រព្រឹត្តទៅអនុលោមតាមច្បាប់ជាតិ និងបច្ចេកទេសមួយប្រកបដោយប្រសិទ្ធភាព។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានបិទបញ្ចប់ទៅដោយជោគជ័យ នៅក្នុងបរិយាកាសសន្តិភាព និងចូលរួម ក៏ដូចជាបង្ហាញពីសុចរិតភាព និងឥរិយាបថទន់ភ្លន់របស់អ្នកបោះឆ្នោត។
មហាសន្និបាតអន្ដរសភាអាស៊ាន បានមើលឃើញទៀតថា នីតិវិធីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ដំណើរការទៅដោយសន្តិភាព និងរលូន នៅក្នុងបរិយាកាសសេរី យុត្តិធម៌ និងតម្លាភាព ដោយក្នុងនោះគណបក្សនយោបាយទាំងអស់ បានចូលរួមដោយសេរី នៅក្នុងនីតិវិធីបោះឆ្នោតទាំងស្រុងដោយមិនមានការរំខាន។ គ្រប់គណបក្ស ទាំងអស់មានឱកាសស្មើៗគ្នា និងសិទ្ធិចំពោះមុខច្បាប់ ដែលនេះបានបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យគួរជាទីពេញចិត្តនៅក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធតម្លាភាពមួយត្រូវបានអនុវត្ត ដើម្បីធានាឲ្យបានថា ក្រុមអ្នកអង្កេតការណ៍មកពីគ្រប់គណបក្សនយោបាយ, អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អាចតាមដានយ៉ាងដិតដល់លើនីតិវិធីបោះឆ្នោតទាំងមូល។ ចំណែកឯការរាប់សន្លឹកឆ្នោតបានធ្វើឡើង ជាមួយការប្រើយន្ដការដ៏មានប្រសិទ្ធភាពមួយក្រោមក្រសែ ភ្នែកក្រុមអ្នកអង្កេតការណ៍។
ក្រុមប្រតិភូដែលបានចូលរួមអង្កេតការណ៍ បានសង្កេតឃើញថា នៅតាមការិយាល័យដែលពួកគេបានចុះទៅដល់ មានបុគ្គលិក មានសមត្ថភាពឈរចាំជាស្រេច ដើម្បីសម្រួលដល់អ្នកបោះឆ្នោត។ គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបានបំពាក់ដោយសម្ភារៈសំខាន់ៗក្នុងនោះរួមមាន បញ្ជីឈ្មោះបោះឆ្នោត សន្លឹកបោះឆ្នោត ត្រា ទឹកថ្នាំជ្រលក់ និងប្រអប់បោះឆ្នោតទទេ ដែលត្រូវបានបញ្ជាក់ដោយអ្នកបោះឆ្នោតដំបូងគេ នៅតាមការិយាល័យ នីមួយៗ។
លើសពីនេះទៅទៀត AIPA បញ្ជាក់ថា អាជ្ញាធរកម្ពុជាក៏បានបំពេញភារកិច្ចយ៉ាងពេញលេញ ក្នុងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកចូលរួមទាំងអស់ កំលុងដំណើរការ បោះឆ្នោត ក្នុងនោះមានទាំងក្រុមអ្នកសង្កេតការណ៍អន្តរជាតិនៅទីតាំងផ្ទាល់ផងដែរ។ ការសង្កេតរបស់ក្រុមប្រតិភូ AIPA គាំទ្រថាការប្រព្រឹត្តិការបោះឆ្នោត ពហុបក្ស សេរី យុត្តិធម៌ និងកាលបរិច្ឆេទទៀងទាត់ គឺជាមធ្យោបាយបែបប្រជាធិបតេយ្យដែលមន្ត្រីសាធារណៈទាំងអស់ត្រូវអនុវត្តនៅឯថ្នាក់តំបន់ និងថ្នាក់ជាតិ។
ក្រុមប្រតិភូសន្និដ្ឋានថា ដំណើការការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យ និងអនុញ្ញាតឲ្យប្រជាជនកម្ពុជា អនុវត្តសិទ្ធិស៊ីវិល និងនយោបាយរបស់ពួកគេ តាមរយៈការបោះឆ្នោតដោយចំពោះទូទៅដោយសន្លឹកឆ្នោតសម្ងាត់ ជាមួយការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ។ ជាមួយដំណើរការ នៃការបោះឆ្នោតប្រកបដោយសន្តិភាព ប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងអាត្រាចូលរួមរបស់អ្នកបោះឆ្នោតច្រើន ប្រតិភូ AIPA សូមអបអរសាទរដល់ប្រជាជនកម្ពុជាលើជោគជ័យមួយនេះ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា NEC តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការិយាល័យអគ្គលេខាធិការនៃសភាជាតិកម្ពុជា ក្រុមប្រតិភូមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលរួមមានសមាជិក AIPA ចំនួន៤រូប និងអ្នកតំណាងមួយរូបមកពីលេខាធិការដ្ឋាន AIPA បានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជា៕